(បាសេឡូណា)៖ ខ្សែប្រយុទ្ធ Lamine Yamal វ័យ ១៧ឆ្នាំរបស់ក្លិប FC Barcelona មានតម្លៃខ្លួនទិញផ្តាច់កិច្ចសន្យាប្រមាណ ៣៤០លានផោនឯណោះ បន្ទាប់ពីកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ បន្ថែមកិច្ចសន្យា ៦ឆ្នាំទៀតជាមួយក្រុមអ្នកមានបុណ្យនាសប្តាហ៍មុនរួចមក។
បើយោងតាមស្ថាប័នស្រាវជ្រាវរបស់ស្វីស CIES Football ដែលបានដកស្រង់ចេញផ្សាយដោយ BBC ថា Yamal គឺមានតម្លៃផ្ទេរស្មើនឹង ២ដងនៃតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោករបស់ Neymar ដែលបានផ្ទេរចេញពី Barcelona កាលឆ្នាំ២០១៧ ទៅកាន់ក្លិប Paris Saint Germain របស់បារាំងក្នុងតម្លៃ ២២២លានអឺរ៉ូ។
Yamal បានក្លាយជាកីឡាករអេស្ប៉ាញទី៥ ដែលបានបង្ហាញខ្លួនក្នុងឈុតធំនៅលីគ La Liga ក្នុងវ័យត្រឹមតែ ១៥ឆ្នាំ និង ៩ខែ។
រូបគេរកបាន ២៣គ្រាប់ ច្រើនជាងម្ចាស់ពានបាល់មាស Ballon dÓr ៨សម័យកាល Lionel Messi ដល់ទៅ ៨គ្រាប់ឯណោះ ក្នុងវ័យដំណាលគ្នា។
Yamal ដែលត្រូវបានជ្រើសរើសចេញពីយុវជនថ្នាលក្លិបប្រចាំតំបន់ Catalan មួយនេះ គឺជាតួអង្គសំខាន់ ដែលបានរួមចំណែកជួយក្រុមជម្រើសជាតិអេស្ប៉ាញ ដណ្តើមពានជើងឯកពានអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ក្រៅពីឈ្នះពានឯកត្តជន ក្នុងនាមកីឡាករក្មេងលេងល្អ និងគ្រាប់បាល់ល្អប្រចាំព្រឹត្តិការណ៍នេះដែរ។
ខាងក្រោមនេះ គឺជាកីឡាករវ័យក្មេងទាំង ១០នាក់ ដែលតម្លៃទិញផ្តាច់កិច្ចសន្យាថ្លៃជាងគេ (គិតជាលានផោន)៖
១៖ Lamine Yamal (Barcelona) 340
២៖ Erling Haaland (Man City) 200
៣៖ Jude Bellingham (Real Madrid) 197
៤៖ Kylian Mbappe (Real) 162
៥៖ Jarmal Musiala (Bayern Munich) 130
៦៖ Pedri (Barcelona) 121
៧៖ Vinicius Junior (Real) 109.7
៨៖ Cole Palmer (Chelsea) 106.5
៩៖ Julian Alvarez (Atletico Madrid) 106
១០៖ Florian Wirtz (Bayer Leverkusen) 103៕