(បរទេស)៖ ក្រុមហ៊ុន Amazon បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនគ្រោងនឹងបណ្តាក់ទុនចំនួន ១០ ពាន់លានដុល្លារនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Cloud Computing និង Artificial Intelligence (AI) របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។
Amazon បាននិយាយថា ការវិនិយោគដែលបានគ្រោងទុកនៅក្នុង Richmond County នឹងបង្កើតការងារដែលមានជំនាញខ្ពស់យ៉ាងតិច ៥០០ កន្លែង រួមទាំងវិស្វករមជ្ឈមណ្ឌលទិន្នន័យ និងអ្នកឯកទេសបណ្តាញ (network)។ ប្រកាសនេះ គឺជាការចំណាយចុងក្រោយបំផុតមួយនៅក្នុងជុំនៃការវិនិយោគដែលក្រុមហ៊ុន Amazon បានសន្យាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងប្រជែងគ្នាដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យដែលចាំបាច់ដើម្បីដំណើរការកម្មវិធី AI។
គូរជម្រាបថា ការវិនិយោគនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពង្រឹងទីតាំងរបស់រដ្ឋ North Carolina ជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា។ ខណៈ Amazon ក៏បានបញ្ជាក់ផងដែរថា ខ្លួនបានបណ្តាក់ទុនចំនួន ១២ ពាន់លានដុល្លារនៅក្នុងរដ្ឋនេះរួចមកហើយចាប់តាំងពីឆ្នាំ ២០១០ មកម្លេះ។ គិតមកទល់ពេលនេះ Amazon មានបុគ្គលិកពេញម៉ោង និងក្រៅម៉ោងប្រហែល ២៤,០០០នាក់នៅក្នុងរដ្ឋដ៏ធំនេះ ដែលជាកន្លែងដែលខ្លួនបាននិងកំពុងបង្កើនប្រតិបត្តិការលក់រាយជាមួយនឹងផែនការបើកកន្លែងចុងក្រោយថ្មីជាច្រើននៅក្នុងតំបន់៕