(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្ដបរាជ័យដោយលទ្ធផល ២-១ ជាលើកទី៣ សម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីចាញ់ក្រុមភ្ញៀវជម្រើសជាតិតាហ្ស៊ីគីស្ថាន ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅរាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

ការប្រកួតរបស់ក្រុមគោព្រៃ ដែលសម្បូរដោយកីឡាករវ័យក្មេងនេះ វគ្គទី១ ក្រុមទាំងពីរ បានរក្សាសំណាញ់ទីរៀងខ្លួន ។ ប៉ុន្ដែចូលវគ្គទី២ តាហ្ស៊ីគីស្ថាន រកបាន ២គ្រាប់ជាបន្ដបន្ទាប់ មុនកីឡាករ មិន រតនៈ វាយបកបាន ១គ្រាប់ឲ្យម្ចាស់ផ្ទះកម្ពុជា នៅនាទី៧១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

នេះជាលើកទី៣ ហើយ ដែលក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យ ដោយលទ្ធផល ២-១ ក្នុងឆ្នាំនេះ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិវៀតណាម និងក្រុមភ្ញៀវអារូបា កាលពីខែមីនាកន្លងទៅ៕