(ម៉ូនិច)៖ ក្រុមការពារតំណែងជើងឯក គោជល់អេស្ប៉ាញបានទម្លាក់គូប្រជែង មាន់គកបារាំងដោយលទ្ធផល ៥ទល់នឹង៤ បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញនេះ ដើម្បីឡើងទៅប៉ះព័រទុយហ្គាល់ ដណ្តើមពាន UEFA Nations League 2024-25 នៅរាត្រីថ្ងៃអាទិត្យ។

ការប្រកួតវគ្គ ៤ក្រុមចុងក្រោយ អេស្ប៉ាញម្ចាស់ជើងឯកពាន UNL 2023 បានបើកការនាំមុខបារាំង អតីតជើងឯកជំនាន់ទី២ កាលឆ្នាំ២០២១ ដល់ទៅ ៥ទល់នឹង១ គិតត្រឹមនាទី៦៧ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់នៅប្រទេសអាល្លឺម៉ង់ មុនពេលកូនក្រុមរបស់លោក Didier Deschamps វាយបកតាមបាន ៣គ្រាប់ចុងម៉ោងថែមទៀត។

នេះមានន័យថា គោជល់អេស្ប៉ាញ ម្ចាស់ជើងឯក Euro 2024 នឹងត្រូវតតាំងជាមួយព័រទុយហ្គាល់ ដែលមាន Cristiano Ronaldo នៃវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥ ធ្វើឡើងនៅទីក្រុង Munich ក្រោយពេលបារាំង ត្រូវប៉ះម្ចាស់ផ្ទះអាល្លឺម៉ង់ នៅទីក្រុង Stuttgart ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣។

តាមរយៈជ័យជម្នះនេះដែរ អេស្ប៉ាញបានបង្កើនកំណត់ត្រាឈ្នះបារាំងដល់ទៅ ១៨ដង ស្មើ ៧ដង និងចាញ់តែ ១៣ដងប៉ុណ្ណោះ ពីប្រវត្តិជួបគ្នាសរុបចំនួន ៣៨លើកមកនេះ៕