(បរទេស)៖ ការបំភាយកាបូនដោយប្រយោលពីប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោកមួយចំនួន ដែលភាគច្រើនកំពុងផ្តោតសំខាន់លើ AI នោះ បានកើនឡើងជាមធ្យម ១៥០% ពីឆ្នាំ២០២០-២០២៣។ ការកើនឡើងនេះ ដោយសារតែតម្រូវការនៃមជ្ឈមណ្ឌលទិន្នន័យ ដែលត្រូវការថាមពលច្រើន។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។

របាយការណ៍ថ្មីពីអង្គការទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាភ្នាក់ងាររបស់ UN បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Amazon, Microsoft, Alphabet , និង Meta មានការកើនឡើង ១៥០% ជាមធ្យម ដែលបានបញ្ចេញឧស្ម័ន (indirect emissions) ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ មូលហេតុចម្បង គឺការពង្រីកខ្លួនរបស់បច្ចេកវិទ្យា AI ដែលត្រូវការថាមពលច្រើនសម្រាប់ដំណើរការកន្លែងផ្ទុកទិន្នន័យ (data centers)។ កំណើននៃការបញ្ចេញឧស្ម័នរបស់ក្រុមហ៊ុនទាំងនេះ គឺមានដូចជា៖ Amazon កើន ១៨២%, Microsoft កើន ១៥៥%, Meta កើន ១៤៥%, Alphabet (Google) កើន ១៣៨%។ លទ្ធផលនេះ គឺបង្ហាញពីផលប៉ះពាល់បរិស្ថានដោយសារការពង្រីក AI និងកន្លែកផ្ទុកទិន្នន័យ។

ការចូលមកនៃ AI បានបង្កើនតម្រូវការថាមពលសកម្មជាខ្លាំង។ របាយការណ៍ ITU បញ្ជាក់ថា ការប្រើប្រាស់អគ្គិសនីនៅកន្លែងផ្ទុកទិន្នន័យកំពុងកើនឡើងយ៉ាងលឿន។ របាយការណ៍ព្រមានថា ការវិនិយោគបន្តទៅលើ AI អាចនាំឱ្យបង្កឧស្ម័នកាបូន dioxide ដល់ទៅ ១០២.៦ លានតោនក្នុងមួយឆ្នាំ។ បើទោះបីជាក្រុមហ៊ុនជាច្រើនបានសន្យាថានឹងកាត់បន្ថយឧស្ម័នក៏ដោយ តែរបាយការណ៍បញ្ជាក់ថា ការសន្យាទាំងនោះនៅមិនទាន់មានប្រសិទ្ធភាពតាមជាក់ស្តែងនៅឡើងទេ។ Meta បានឆ្លើយតបថា ក្រុមហ៊ុនមានវិធានការចាំបាច់សម្រាប់បរិស្ថាន ខណៈក្រុមហ៊ុនផ្សេងទៀតមិនបានអះអាងអ្វីឡើយ៕