(ភ្នំពេញ)៖​ ក្រុមហ៊ុន Daikin Airconditiioning (Cambodia) Co.,Ltd. បានសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានរៀបចំសិក្ខាសិលាស្តីពី «បញ្ញាសិប្បនិម្មិតក្នុងការអភិវឌ្ឍឧស្សាហកម្ម ក្នុងវិស័យបរិក្ខារត្រជាក់ប្រកបដោយភាពឆ្លាតវៃ និងការអនុវត្តដំណោះស្រាយថាមពលដោយប្រើបច្ចេកវិទ្យា Cloud-Based» នៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ​២០២៥នេះ ក្រោមអធិបតីភាពលោក ហុង រ៉ាដា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Toshiyuki Tanaka នាយកគ្រប់គ្រងក្រុមហ៊ុន Daikin Airconditiioning (Cambodia) Co.,Ltd.។

កម្មវិធីសិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI) និង Cloud-Based ក្នុងការគ្រប់គ្រប់បរិក្ខារត្រជាក់ប្រកបដោយភាពឆ្លាតវៃ ត្រួតពិនិត្យគុណភាពខ្យល់ បង្កើនប្រសិទ្ធភាពថាមពល ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព កាត់បន្ថយបញ្ហាបរិស្ថានដែលស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងផែនការលុបបំបាត់បំភាយឧស្ម័នផ្ទះកញ្ចក់មកត្រឹមសូន្យត្រឹមឆ្នាំ២០៥០។

ក្នុងកិច្ចសហការនេះក្រុមហ៊ុន Daikin Airconditioning (Cambodia) Co., Ltd.​ បានបង្ហាញពី បច្ចេកវិទ្យាថ្មី និងគំរូអនុវត្តជាក់ស្តែង អំពី «AI-driven HVAC និងប្រព័ន្ធគ្រប់គ្រងថាមពល តាមរយៈ Cloud-based» ការធ្វើបទបង្ហាញនេះពាក់ព័ន្ធនឹងការជួយដោះស្រាយទៅលើបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជា។ 

សិក្ខាសាលានេះ ផ្តល់ឱកាសសម្រាប់អ្នកចូលរួមក្នុងការស្វែងយល់ពីបច្ចេកវិទ្យាថ្មីចុងក្រោយ ចំណេះដឹង និងបទពិសោធ៍ជាក់ស្តែង ដើម្បីកាត់បន្ថយ ការចំណាយថាមពល និងធ្វើឱ្យប្រសើរឡើងនូវគុណភាពក្នុងការរស់នៅ មានដូចជាផ្ទះ អាគារ ការិយាល័យ រោងចក្រ និងអាគារសាធារណៈជាច្រើន៕