(បរទេស)៖ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានទាត់ចោលសំណើ សុំបង្ហាញវត្តមាននៅកម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនាខែពាក់កណ្តាលខែមិថុនានេះ។

ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំរូបនេះ នឹងផុតកំណត់សុពលភាពកិច្ចសន្យាចាស់របស់គេជាមួយក្លិប Al-Nassr របស់អារ៉ាប៊ីសាអូឌីតនាចុងខែមិថុនា ឆ្នាំ២០២៥ ជាទីកន្លែងដែលកីឡាករចាស់វស្សារូបនេះផ្លាស់មកចូលរួមកាលពីដើមឆ្នាំ២០២៣ ក្រោយពេលចាកចេញពីក្លិបនៅអឺរ៉ុប Manchester United។

Ronaldo បាននិយាយដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ខ្ញុំនឹងមិនមានវត្តមាននៅឯ Club World Cup ឡើយ។ មានក្លិបខ្លះបានទាក់ទងមកខ្ញុំ និងក្លិបខ្លះទៀតមិនបានធ្វើទេ។ ខ្ញុំមិនអាចសាកល្បង និងធ្វើគ្រប់យ៉ាងបាននោះទេ។ ខ្ញុំមិនអាចលេងគ្រប់កម្មវិធីប្រកួតឡើយ»

ចម្លើយបដិសេធនេះដែរគឺត្រូវបានធ្វើឡើង បន្ទាប់ពីកាលពីខែឧសភា ឆ្នាំ២០២៥ ប្រធាន FIFA លោក Gianni Infantino បានថ្លែងប្រកបដោយក្តីសង្ឃឹម និងជឿជាក់ថា នឹងមានវត្តមាន Ronaldo បង្ហាញខ្លួនក្នុងក្រុមណាមួយនៅ Club World Cup ក្រោមទម្រង់ថ្មី ៣២ក្រុម បើទោះបីជាក្លិបរបស់លោក Al-Nassr ពុំមានកៅអីលេងពាន ៤ឆ្នាំម្តងនេះក៏ដោយ។

អតីតកីឡាកររបស់ក្លិប Real Madrid និង Juventus ដែលមានកៅអីលេង Club World Cup នោះបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ការប្រកួតរបស់ខ្ញុំសម្រាប់រដូវកាលនេះ គឺបានបញ្ចប់ហើយ ពោលគឺចាប់តាំងពីប្រកួតចុងក្រោយជាមួយ Al-Nassr នាចុងខែឧសភាមកម្ល៉េះ»