(ប៉ារីស)៖ កីឡាការិនីវាយកូនបាល់ទោល Coco Gauff បានស្គាល់រសជាតិពាន French Open ជាលើកដំបូងរបស់ខ្លួន ក្នុងអាជីព Tennis តាមរយៈយកឈ្នះជើងខ្លាំង Aryna Sabalenka វគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
នេះជាជ័យជម្នះផ្តាច់ព្រ័ត្រលើកទី២ របស់កីឡាការិនីសញ្ជាតិអាមេរិកនៅលើទីលានដីឥដ្ឋ ដែលមានរយៈពេល ៤ឆ្នាំមកហើយ គិតចាប់តាំងពីនាងឈ្នះជើងឯក WTA 250 ធ្វើឡើងនៅក្នុងប្រទេសអ៉ីតាលី។
Gauff ដែលឈរនៅចំណាត់ថ្នាក់លេខ២ ពិភពលោកបច្ចុប្បន្នផងនោះ បានធ្វើការវាយបក ដើម្បីយកឈ្នះ ២-១ វិញនៅទីលាន Roland Garros ជាមួយនឹងលទ្ធផលពិន្ទុ ៦-៧ (៥-៧) ៦-២ និង ៦-៤ ក្នុងការគ្រងជើងឯក French Open 2025 និងជាលើកទី២ ផងដែរក្នុងក្របខណ្ឌធំ Grand Slam ក្រោយពេលដណ្តើមបាន US Open 2023 ក៏បានយកឈ្នះគូប្រជែង Sabalenka របស់ប៊ែលឡារុសនេះដូចគ្នា។
សូមរំលឹកផងថា Gauff បានចាញ់ផ្តាច់ព្រ័ត្រ French Open 2022 ក្រោមស្នាដៃរបស់កីឡាការិនីប៉ូឡូញ Iga Swiatek ធ្វើឱ្យនាងខូចចិត្ត និងស្រក់ទឹកភ្នែកជាខ្លាំងនៅមុនពេល ៣ឆ្នាំបន្ទាប់ នាងធ្វើបានសម្រេចដូចអ្វីដែលនាងធ្លាប់បានសន្យានៅទីក្រុង New York បន្ទាប់ពីឈ្នះ US Open។ នេះបើយោងតាមការចេញផ្សាយដោយ BBC៕