(ភ្នំពេញ)៖ សប្ដាហ៍កន្លងទៅ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកនូវប្រធានបទស្ដីពី «មូលបត្រកម្មសិទ្ធិ» មកធ្វើការបកស្រាយ ក៏ដូចជាបានបង្ហាញនូវសញ្ញាណទូទៅមួយចំនួនពាក់ព័ន្ធនឹងវិស័យមូលបត្រ នៅក្នុងព្រះជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រៅពីមូលបត្រកម្មសិទ្ធិក៏មានមូលបត្រមួយប្រភេទទៀតដែលអាចជួញដូរបាននៅក្នុងទីផ្សារមូលបត្រកម្ពុជានាពេលបច្ចុប្បន្ននោះគឺ «មូលបត្របំណុល»

តើមូលបត្របំណុលជាអ្វី? និងមានប្រភេទអ្វីខ្លះ?

ក្នុងសប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់ សូមលើកយកប្រធានបទស្ដីពី «មូលបត្របំណុល» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម។

យោងតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជនឆ្នាំ២០០៧ មូលបត្របំណុល (Debt Securities) សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុដែលបោះផ្សាយដោយបុគ្គលណាមួយ ដោយបញ្ជាក់ ឬទទួលស្គាល់នូវបំណុលរបស់ខ្លួនចំពោះបុគ្គលមួយទៀតដែលបានឱ្យប្រាក់ខ្ចី ឬដាក់ជាប្រាក់បញ្ញើជាមួយបុគ្គលនោះ ឬបុគ្គលនោះជំពាក់តាមវិធីផ្សេងពីនេះ ហើយទោះបីជាមាន ឬគ្មានទ្រព្យដាក់ធានាក្តី ។

ជាក់ស្តែង មូលបត្របំណុល គឺជាប្រភេទបំណុលដែលមានការព្រមព្រៀងខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល ជាមួយវិនិយោគិន។ តាមរយៈការព្រមព្រៀងនេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ ដែលហៅថា «គូប៉ុង»«ការប្រាក់» (លើកលែងតែសញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើម នៅពេលដែលសញ្ញាបណ្ណនោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រតិទាន” ។ មូលបត្របំណុលមាន ០២ (ពីរ) ប្រភេទធំៗគឺ មូលបត្ររដ្ឋ និងសញ្ញាបណ្ណសាជីវកម្ម។

I. មូលបត្ររដ្ឋ (Government Bond) ជាបណ្ណ សញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ទៀត ដែលរដ្ឋាភិបាលធ្វើការបោះផ្សាយក្នុងនាមរដ្ឋ ដើម្បីកៀរគរហិរញ្ញប្បទាន យកទៅធ្វើការអភិវឌ្ឍក្នុងគោលបំណងជាក់លាក់ណាមួយ (ច្បាប់ស្តីពីមូលបត្ររដ្ឋ ឆ្នាំ២០២០) ។

មូលបត្ររដ្ឋ ជាប្រភេទមូលបត្រដែលមានហានិភ័យទាប ប៉ុន្តែអត្រាការប្រាក់ក៏ទាបដូចគ្នា ដែលមានប្រភេទដូចជា៖

*១. បណ្ណរតនាគារ ដែលមានឥណប្រតិទានតិចជាងមួយឆ្នាំ
*២. សញ្ញាបណ្ណរតនាគារ ដែលមានឥណប្រតិទានចាប់ពីមួយឆ្នាំឡើងទៅ និង
*៣. មូលបត្ររដ្ឋផ្សេងទៀត ។

II. សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) ជាប្រភេទមួយនៃមូលបត្របំណុលដែលបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុត ដែលមានកាតព្វកិច្ចក្នុងការបង់ប្រាក់ដើម ការប្រាក់ និងកាតព្វកិច្ចផ្សេងទៀតចំពោះម្ចាស់មូលបត្របំណុល (ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជា
សាធារណៈ ឆ្នាំ២០១៧ ចេញដោយគណៈកម្មការមូលបត្រកម្ពុជា ដែលបច្ចុប្បន្នជានិយ័តករមូលបត្រកម្ពុជា)។

មូលបត្រប្រភេទនេះ មានហានិភ័យខ្ពស់ ប៉ុន្តែអត្រាការប្រាក់ក៏ទទួលបានខ្ពស់ជាងមូលបត្ររដ្ឋផងដែរ ។ សញ្ញាបណ្ណសាជីវកម្មចែកចេញជាច្រើនប្រភេទ ដូចខាងក្រោម៖

១៖ សញ្ញាបណ្ណធម្មតា (Plain Bond)៖ មានអត្រាគូប៉ុងថេរ មានកំណត់ឥណប្រតិទានជាមុននៅកាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ និង/ឬមានលក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់ ឬសិទ្ធិលក់ និងមិនមានការធានា។
២៖ សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond)៖ ផ្តល់ការធានាថាការប្រាក់ និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបីដែលជានីតិបុគ្គល ករណីបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល ដោយមូលហេតុដូចជា អសោធនភាព ឬក្ស័យធន។
៣៖ សញ្ញាបណ្ណមានវត្ថុធានា (Secured Bond)៖ មានដាក់ទ្រព្យសកម្មជាវត្ថុធានា លើកលែងតែមូលបត្របំណុលដែលមានទ្រព្យធានា ដែលត្រូវកំណត់ក្នុងបទប្បញ្ញត្តិដោយឡែក និង
៤៖ សញ្ញាបណ្ណដទៃទៀត ដែលត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។

សរុបមក មូលបត្របំណុល គឺជាឧបករណ៍ហិរញ្ញវត្ថុ ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់អ្នកបោះផ្សាយដូចជា ការផ្តល់ប្រភពហិរញ្ញវត្ថុ និងប្រភពឥណប្រតិទានច្បាស់លាស់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (មូលបត្ររដ្ឋ) រួមទាំងជួយលើកកម្ពស់រូបិយវត្ថុជាតិ និងវិស័យមូលបត្រ។ ពិសេសជាងនេះទៅទៀត អ្នកបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មនឹងមិនបាត់បង់ភាពជាម្ចាស់ភាគហ៊ុននោះឡើយ ស្របពេលដែលវិនិយោគិនក៏ទទួលបាននូវអត្ថប្រយោជន៍ដូចជា ការក្លាយខ្លួនជាម្ចាស់បំណុលដែលទទួលបានការប្រាក់ ងាយស្រួលដកសាច់ប្រាក់ពេលមានតម្រូវការ និងអាចធ្វើការជួញដូរស្វែងរកផលចំណេញបាន។

រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា និងលោក ណុប សុសីហា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com  ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕