(បរទេស)៖ ក្រុមហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp កំពុងស្ថិតនៅក្នុងការចរចាដើម្បីធ្វើការវិនិយោគ ដែលអាចលើសពី ១០ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Startup ផ្នែកបញ្ញាសិប្បនិម្មិត (AI) ឈ្មោះ Scale AI ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃអាទិត្យ។

របាយការណ៍ដដែលបានលើកឡើងដោយដកស្រង់សម្ដីអ្នកដែលដឹងអំពីការចរចានេះថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយអាចនឹងមានការផ្លាស់ប្ដូរ។

ក្រុមហ៊ុន Scale AI បានបដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈក្រុមហ៊ុន Meta មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សុំការអត្ថាធិប្បាយឡើយ។

តើ Scale AI ធ្វើអ្វី?
Scale AI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយមាននាយកប្រតិបត្តិបច្ចុប្បន្នគឺលោក Alexandr Wang ។ ក្រុមហ៊ុននេះផ្តល់សេវាកម្ម Data Labeling ដល់ក្រុមហ៊ុននានាដូចជា Microsoft និង OpenAI ដើម្បីជួយពួកគេក្នុងការបណ្ដុះបណ្ដាលម៉ូដែល AI របស់ពួកគេ។ ផ្តល់សេវាកម្ម Data Labeling ភាគច្រើនត្រូវបានធ្វើឡើងដោយអ្នកម៉ៅការ។ ថ្មីៗនេះ ក្រសួងការងារសហរដ្ឋអាមេរិកបានទម្លាក់ការស៊ើបអង្កេតរបស់ខ្លួនជុំវិញបញ្ហាថាតើក្រុមហ៊ុននេះបានចាត់ថ្នាក់ខុស និងបង់ប្រាក់តិចពេកដល់និយោជិតរបស់ខ្លួនដែរឬទេ។

Scale AI ត្រូវបានគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Nvidia , Amazon និង Meta ។ ក្រុមហ៊ុននេះត្រូវបានគេវាយតម្លៃចុងក្រោយនៅតម្លៃជិត ១៤ ពាន់លានដុល្លារ ហើយក៏ផ្តល់វេទិកាមួយសម្រាប់អ្នកស្រាវជ្រាវដើម្បីផ្លាស់ប្ដូរព័ត៌មានទាក់ទងនឹង AI ផងដែរ ដោយមានអ្នករួមចំណែកមកពីទីក្រុង និងទីប្រជុំជនជាង ៩,០០០ កន្លែង។

យោងតាម Bloomberg ក្រុមហ៊ុន Scale AI រកចំណូលបាន ៨៧០ លានដុល្លារកាលពីឆ្នាំមុន ហើយរំពឹងថានឹងរកចំណូលបាន ២ ពាន់លានដុល្លារនៅឆ្នាំនេះ៕