(ម៉ូនិច)៖ ក្រុមបាល់ទាត់ជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ បានវិលមកលើកពានលីគអឺរ៉ុប UEFA Nations League ជាថ្មីម្តងទៀត គិតចាប់តាំងពីឈ្នះដំបូងគេកាលឆ្នាំ២០១៩ ស្របពេលមាន់គកបារាំង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងជំនាន់ទី៤ នេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ព័រទុយហ្គាល់បានយកឈ្នះក្រុមការពារតំណែងជើងឯក គោជល់អេស្ប៉ាញដោយបាល់ ១១ម៉ែត្រកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៥-៣ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២ កាលពីរាត្រីថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់។
ចំណែកមាន់គកបារាំង អតីតជើងឯក Nations League កាលឆ្នាំ២០២១ ផងនោះ ក៏ដណ្តើមបានចំណាត់ថ្នាក់លេខ៣ នាក្បាលព្រលប់ថ្ងៃអាទិត្យម្សិលមិញ តាមរយៈបំបាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ ២ទល់នឹង០ នៅឯទីក្រុង Stuttgartt ជាទីកន្លែងដែលពួកគេបានបរាជ័យក្រោមថ្វីជើងអេស្ប៉ាញ ៥-៤ ពីក្នុងវគ្គ ៤ក្រុមនោះ។
ទោះជាយ៉ាងណា វាក៏ជាលើកទី២ ផងដែរសម្រាប់ប្រធានក្រុមចាស់វស្សា វ័យ ៤០ឆ្នាំ Cristiano Ronaldo បានដែលបានរួមចំណែកបច្ចខែលឈ្នះជើងឯកអឺរ៉ុប បន្ទាប់ពីរួមចំណែកដណ្តើមបានកាលឆ្នាំ២០១៨-១៩ មុនដំបូងគេ និង UEFA Euro 2016 នៅប្រទេសបារាំង លើកលែងតែពានរង្វាន់បាល់ពិភពលោក World Cup នៅមិនទាន់ឈ្នះជាមួយព័រទុយហ្គាល់ម្តងណាទេ៕