(បរទេស)៖ លោក Luciano Spalletti បានប្រកាសក្នុងសន្និសីទសារព័ត៌មានថា រូបលោកត្រូវបានដកតួនាទីគ្រូបង្វឹកជម្រើសជាតិអាសូរីអ៉ីតាលីហើយ បន្ទាប់ពីក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុបមួយនេះបានរងបរាជ័យ ៣ទល់នឹង០ ក្រោមថ្វីជើងរបស់ន័រវេសកាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុន។

បុរសសញ្ជាតិអ៉ីតាលី វ័យ ៦៦ឆ្នាំរូបនេះ ត្រូវបានផ្តល់សេចក្តីទុកចិត្តដឹកនាំអតីតម្ចាស់ជើងឯក World Cup ៤សម័យកាល បន្ទាប់ពីរូបលោកដឹកនាំក្លិបពពកស Napoli ឈ្នះជើងឯកលីគ Serie A នារដូវកាល ២០២២-២០២៣ រួចមក។

ទោះជាយ៉ាងណា ការបរាជ័យធ្ងន់ធ្ងរក្រោមថ្វីជើងរបស់ន័រវេសនៅទីក្រុង Oslo នៃការប្រកួតជម្រុះ World Cup 2026 តំបន់អឺរ៉ុប គឺជាមូលហេតុដែលលោកត្រូវបានដកចេញ។

លោកថា លោកនៅតែបន្តដឹកនាំអ៉ីតាលី លេងទល់នឹងម៉ូដូវ៉ានៅរាត្រីថ្ងៃចន្ទដដែល ដែលជាមួយប្រកួតចុងក្រោយសម្រាប់លោកជាមួយជម្រើសជាតិ។

លោក Spalletti បានបញ្ជាក់ថា «ក្រោយជំនួបរវាងលោក និងប្រធានសហព័ន្ធបាល់ទាត់អ៉ីតាលីលោក Gabriele Gravina បានប្រាប់លោកថា តួនាទីក្នុងនាមគ្រូបង្វឹកត្រូវបានដកចេញហើយ»

លោក Spalletti ដែលបានចូលដឹកនាំអាសូរីអ៉ីតាលីកាលឆ្នាំ២០២៣ បានដឹកនាំក្រុមមួយនេះលេងពានអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ជាទីដែលពួកគេបានហាលអាវពីកម្មវិធី ៤ឆ្នាំម្តងនេះក្រោមថ្វីជើងរបស់ស្វីស ត្រឹមវគ្គ ១៦ក្រុមប៉ុណ្ណោះ៕