(បរទេស)៖ ថ្មីៗនេះប្រធានកម្មវិធីមនុស្សយន្តប្រភេទ Optimus humanoid របស់ក្រុមហ៊ុន Tesla លោក Milan Kovac បានប្រកាសចាកចេញពីក្រុមហ៊ុន ដែលបង្កជាភាពមិនច្បាស់លាស់សម្រាប់គម្រោងមនុស្សយន្តរូបរាងដូចមនុស្ស (humanoid robot)។ ខណៈលោក បានលើកឡើងពីហេតុផលតែមួយគត់ គឺត្រូវការចំណាយពេលច្រើនជាមួយក្រុមគ្រួសារនៅក្រៅប្រទេស។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg និងត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Kovac ដែលជាអនុប្រធាន និងជាប្រធានផ្នែកវិស្វកម្មមនុស្សយន្ត Optimus ដែលបានដឹកនាំកម្មវិធីនេះចាប់តាំងពីឆ្នាំ២០២២ និងត្រូវបានជំនួសដោយ លោក Ashok Elluswamy ដែលជាអ្នកដឹកនាំក្រុម Autopilot របស់ក្រុមហ៊ុន Tesla។ យ៉ាងណា ជុំវិញរបាយការណ៍លម្អិតទាំង លោក Kovac និងលោក Elluswamy មិនបានឆ្លើយតបចំពោះសំណើរបស់ Reuters នោះទេ។

ការប្រកាសចាកចេញនេះ ស្របពេលដែលក្រុមហ៊ុន 𝐓𝐞𝐬𝐥𝐚 កំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើភាពជោគជ័យនៃគម្រោងមនុស្សយន្តរបស់ខ្លួន ខណៈថ្មីៗនេះ លោក Musk ក៏បាននិយាយផងដែរថា លោករំពឹងថា Tesla នឹងផលិតមនុស្សយន្ត Optimus រាប់ពាន់គ្រឿងនៅឆ្នាំនេះ។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាមានបញ្ហាប្រឈមនានា ដូចជាការរឹតបន្តឹងការនាំចេញមេដែក 𝐑𝐚𝐫𝐞-𝐞𝐚𝐫𝐭𝐡 របស់ប្រទេសចិនក៏ដោយ។

គួរជម្រាបថា ក្រុមហ៊ុន Tesla កំពុងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍មនុស្សយន្ត Optimus និងសេវាកម្មរថយន្ត Robotaxi។ លោក Elon Musk បានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងទាំងពីរនេះ គឺជាគន្លឹះដ៏សំខាន់សម្រាប់អនាគតរយៈពេលវែងរបស់ក្រុមហ៊ុន ហើយជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ តម្លៃភាគហ៊ុនរបស់ Tesla៕