(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងបន្ដរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ នាថ្ងៃទី១៥ ខែមិថុនាចុងសប្ដាហ៍នេះ ខណៈចំនួនអ្នកចុះឈ្មោះរត់មានកំណើនច្រើនជាងឆ្នាំមុន ស្របពេលទីតាំងចេញដំណើរ និងបញ្ចប់ទី ត្រូវបានផ្លាស់ប្ដូរថ្មី ពីមុខព្រះបរមរាជវាំង មករៀបចំនៅសួនច្បារមុខវត្តបទុមវតីវិញ ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ ខែមិថុនានេះថា គិតត្រឹមពេលនេះ មានអ្នកចុះឈ្មោះខ្ទង់ ៥,០០០នាក់ហើយ ត្រៀមចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នាចុងសប្ដាហ៍នេះ ពោលគឺមានការកើនឡើងជាងឆ្នាំមុន ដែលមានអ្នកចូលរួមត្រឹមជាង ៤,១០០នាក់ ។

ក្នុងចំណោមអត្តពលិកចុះឈ្មោះទាំងអស់ ភាគច្រើនគឺជាប្រជាពលរដ្ឋខ្មែរ គ្រាដែលជនបរទេសមានប្រមាណជាង ៦០០នាក់ ដែលភាគច្រើនជាជនបរទេសកំពុងបំពេញការងារនៅកម្ពុជា ហើយជនបរទេសចុះឈ្មោះច្រើនជាងគេ គឺមានចិន ជប៉ុន និងបារាំង ។ ទន្ទឹមជាមួយគ្នា លោកបានវាយតម្លៃខ្ពស់ ចំពោះកំណើនប្រជាពលរដ្ឋខ្មែរ ពិសេសការចូលរួមរត់ចម្ងាយ ២១គីឡូម៉ែត្រ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាសញ្ញាណដ៏ល្អបង្ហាញពីការយល់ដឹង និងមានសុខភាពល្អរបស់ប្រជាពលរដ្ឋកម្ពុជា។

ក្រឡេកមកចាប់អារម្មណ៍ទីតាំងរៀបចំវិញ ឆ្នាំនេះ គណៈកម្មការរៀបចំ បានសម្រេចកែសម្រួលទីតាំងចេញដំណើរ និងបញ្ចប់ទីថ្មី ពោលគឺពុំរៀបចំនៅមុខព្រះបរមរាជវាំង ដូចឆ្នាំមុនៗឡើយ ដោយសារមុខព្រះបរមរាជវាំង ត្រូវត្រៀមរៀបចំកម្មវិធីជាតិធំៗជាច្រើន ។ អាស្រ័យហេតុនេះ គណៈកម្មការក៏សម្រេចប្ដូរមករៀបចំនៅសួនច្បារមុខវត្តបទុមវតីវិញ ដែលជាទីតាំងមួយសមស្របសម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ដ្បិតកន្លងមកក៏ធ្លាប់រៀបចំព្រឹត្តិការណ៍រត់កម្សាន្ដជាច្រើនផងដែរ។

លោក សែម ផល្លា នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុង អម NOCC បានបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ រក្សា ៤វិញ្ញាសាដដែល រួមមានវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងវិញ្ញាសារត់កម្សាន្ដលក្ខណៈគ្រួសារចម្ងាយ ២,៥គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍នេះ ត្រូវបានតាមដានជាប្រចាំពីស្ថាប័នអន្ដរជាតិ ហើយបានរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍លើឆាកអន្ដរជាតិផងដែរ ក្នុងនាមសមាជិកគណៈកម្មាធិការម៉ារ៉ាតុងអន្ដរជាតិ ដែលមានសមាជិកចំនួន ១១២ប្រទេសលើពិភពលោក។

លោក វ៉ាត់ ចំរើន បានរំឮកថា ដោយទទួលបានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង និងរដ្ឋបាលរាជធានីភ្នំពេញ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗមួយចំនួន ពិសេសដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងផ្សព្វផ្សាយពីរាជធានីភ្នំពេញ ព្រមទាំងចូលរួមការងារសប្បុរសធម៌ ដោយថវិកាទទួលបានពីការរៀបចំ NOCC តែងបរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា ក្រោយបញ្ចប់កម្មវិធីរៀងរាល់ឆ្នាំ ៕