(ភ្នំពេញ)៖ ធនាគារ ABA បាននៅតែបន្តការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្មវិធីផ្តល់អាហារូបករណ៍ និងកម្មវិធីអប់រំរបស់សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) ជាមួយនឹងការឧបត្ថម្ភថវិការចំនួន ១០០,០០០ដុល្លារអាមេរិក។

ក្រោមអនុស្សរណៈយោគយល់ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៣ នេះជាលើកទី៣ ជាប់ៗគ្នា ក្នុងការឧបត្ថម្ភដល់សមាគម AMT ដើម្បីពង្រឹងការខិតខំប្រឹងប្រែងផ្តល់អាហារូបករណ៍អប់រំ ដល់យុវជនខ្មែរទូទាំងប្រទេស។ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ជំនួបផ្លូវការត្រូវបានចូលរួមជាអធិបតីរបស់លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគម AMT និង លោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារ ABA ព្រមទាំងអ្នកតំណាងភាគីទាំងសងខាង។

លោក Askhat Azhikhanov មានប្រសាសន៍ថា «យើងខ្ញុំសូមកោតសរសើរសមាគមAMT ចំពោះការខិតខំប្រឹងប្រែងឥតងាករេក្នុងការផ្តល់ជូននិស្សិតកម្ពុជា ដែលខ្វះខាតនូវលទ្ធភាពទទួលបានការអប់រំកម្រិតខ្ពស់ តាមរយៈអាហារូបករណ៍ល្អៗ ទាំងក្នុងនិងក្រៅប្រទេស។ ការពង្រឹងឧត្តមភាពអប់រំ និងលើកកម្ពស់អ្នកដឹកនាំជំនាន់ក្រោយ ជាបេសកកម្មដែលស្របទៅនឹងតម្លៃរបស់យើងខ្ញុំ»។

លោក សុខ ពុទ្ធិវុធ បានថ្លែងថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះថ្នាក់ដឹកនាំរបស់ធនាគារ ABA សម្រាប់ការគាំទ្រដ៏សប្បុរសនេះ។ ការរួមចំណែកដ៏មានតម្លៃនេះបានអនុញ្ញាតឲ្យយើងខ្ញុំ ពង្រីកឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ជួយពង្រឹងសមត្ថភាពពួកគាត់ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស»

ABA មានមោទនភាពដែលបានគាំទ្រសមាគម AMT និងចូលរួមវិនិយោគក្នុងការជំរុញធនធានមនុស្សដែលមានសមត្ថភាព សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលវែង។ ជាមួយគ្នានេះ យើងកំពុងតែដើរឆ្ពោះទៅរកប្រទេសកម្ពុជាកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែង៕