(មីឡាន)៖ ក្រុមបាល់ទាត់រហស្សនាម «ពស់ខៀវ» Inter Milan ដែលបានត្រឹមរងជើងឯកពានអឺរ៉ុប UEFA Champions League ២លើក ក្នុងចំណោម ៣សម័យកាលចុងក្រោយនេះ បានឈានដល់ការតែងតាំងលោក Cristian Chivu ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីជំនួសកៅអីលោក Simone Inzaghi ដែលបានលាឈប់។

អ្នកចាត់ការទូទៅថ្មីវ័យ ៤៤ឆ្នាំរបស់ពួកគេនេះដែរ គឺជាអតីតខ្សែការពារ និងគ្រូបង្វឹកក្រុមយុវជនរបស់ Inter Milan ផងដែរ ដែលទើបបានលាឈប់ពីក្លិប Parma ក្រោយពេលដឹកនាំបានតែ ១៣ប្រកួតប៉ុណ្ណោះ។

ជាការកត់សម្គាល់ផងដែរ លោក Chivu អតីតកីឡាករក្នុងក្រុមជម្រើសជាតិរ៉ូម៉ានីរូបនេះ ត្រូវបានផ្តល់សេចក្តីទុកចិត្តដឹកនាំ Parma កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងនាមជាគ្រូបង្វឹកក្រុមធំលើកដំបូងផងដែរ ដោយបានរួមចំណែកជួយ Parma បន្តលេងនៅ Serie A ទៀតដែរ។

លោក Chivu បានព្រមព្រៀងចុះកិច្ចសន្យានៅ San Siro រហូតដល់ឆ្នាំ២០២៧ ក្នុងនាមធ្លាប់ឈ្នះជើងឯកលីគ Serie A ជាមួយ Inter Milan បាន ៣លើកផងដែរ ក្នុងចំណោម ៧រដូវកាល។

បេសកកម្មដំបូងរបស់លោក Chivu ត្រូវដឹកនាំក្រុមដែលទើបរងបរាជ័យ ៥ទល់នឹង០ ក្រោមថ្វីជើងរបស់ PSG ផ្តាច់ព្រ័ត្រ UEFA Champions League 2024-25 លេងក្នុងកម្មវិធី FIFA Club World Cup 2025 នៅទឹកដីសហរដ្ឋអាមេរិក ពីមួយប្រកួតបើកឆាកទល់នឹង Monterrey របស់មិចស៊ិកនាថ្ងៃទី១៧ ខែមិថុនា៕