(វ៉ាស៊ីនតោន)៖ ក្រុមបាល់ទាត់ Al Ain និង Auckland City បានចុះចតយន្តហោះរបស់ពួកគេនៅទីក្រុង Washington D.C មុនគេ ដើម្បីត្រៀមលក្ខណៈសម្បត្តិលេងពាន FIFA Club World Cup 2025 ដែលនឹងចាប់ផ្តើមពីចុងសប្តាហ៍នេះតទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ FIFA។

Al Ain របស់អារ៉ាប់រួម (UAE) មួយនេះ គឺជាក្រុមទី២ ដែលបានធ្វើដំណើរមកដល់សហរដ្ឋអាមេរិក ជាទីតាំងប្រកួតពាន Club World Cup 2025 ជំនាន់ថ្មី វគ្គ ៣២ក្រុមដែលរៀបចំឡើងដោយ FIFA ក្រោយការមកដល់របស់ Auckland City មកពីណូវែលហ្សេឡង់រួចមក។

ពួកគេត្រូវប្រកួតបើកឆាកទល់នឹងសេះបង្កង់ Juventus របស់អ៉ីតាលីនាថ្ងៃទី១៨ ខែមិថុនា មុនពេលបន្តបន្ទាប់ប៉ះ Wydad AC និងក្រុមខ្លាំង Manchester City ជាដើមដែលស្ថិតក្នុងពូល G ជាមួយគ្នា។ Al Ain មានកីឡាករឆ្នើម Rui Patricio ដែលជាអតីតអ្នកចាំទីដៃទី១ នៃក្រុមជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ផងដែរ។

Al Ain អតីតម្ចាស់ជើងឯក AFC Champions League 2023-24 ក៏នឹងត្រូវលេងមិត្តភាពអន្តរជាតិកំដៅសាច់ដុំនាថ្ងៃទី០៩ ខែមិថុនា ទល់នឹងក្រុមដែលបានចុះចតនៅអាមេរិកមុនគេ Auckland City មកពីទ្វីបអូសេអានី និងទន្ទឹងរង់ចាំក្រុមធ្វើដំណើរមកអាមេរិកបន្តបន្ទាប់ មុនពេលកម្មវិធី ៤ឆ្នាំម្តងចាប់ផ្តើមនាថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕