(អ៊ីរ៉ាក់)៖ សមាគមកីឡាបាល់ទាត់អ៊ីរ៉ាក់ (IFA) ថ្មីៗនេះ បានដាក់សំណើជាផ្លូវការមួយទៅកាន់ស្ថាប័នគ្រប់គ្រង់បាល់ទាត់ពិភពលោក FIFA ដើម្បីសុំសិទ្ធធ្វើជាម្ចាស់ផ្ទះមួយប្រកួត ក្នុងចំណោម ២ពូលនៅវគ្គជម្រុះជុំទី៤ ប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ FIFA World Cup 2026 ។

សមាគមកីឡាបាល់ទាត់អ៊ីរ៉ាក់ IFA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា បានផ្ញើលិខិតមួយទៅកាន់សហព័ន្ធអន្តរជាតិនៃសមាគមបាល់ទាត់ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្នុងការស្នើរសុំធ្វើឱ្យមានលក្ខខណ្ឌតម្លាភាព និងយុត្តិធម៌ខ្ពស់បំផុត ក្នុងដំណើរការជ្រើសរើសប្រទេសធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតជម្រុះជុំទី៤ នៃទ្វីបអាស៊ី ។

ក្រុមជម្រើសជាតិអ៊ីរ៉ាក់ នឹងបញ្ចប់ឈរនៅលេខ៣ ឬលេខ៤ ក្នុងតារាងវគ្គជម្រុះជុំទី៣ នៃពូល B ជាមួយនឹងមាន ១២ពិន្ទុក្នុងដៃ ខណៈនឹងលេងការប្រកួតចុងក្រោយទល់ក្រុមហ្ស៊កដានី ក្នុងទីក្រុង Amman ដ្បិតពួកគេមានកៅអីទៅលេងជុំទី៤ ជាផ្លូវការផងដែរ ។ ខណៈក្រុមអូម៉ង់ ឈរលេខ៤ មាន១០ពិន្ទុ និងប៉ាឡេស្ទីន ឈរលេខ៥ កំពុងមាន ៩ពិន្ទុនោះ និងត្រូវសម្រេចជោគវាសនានៅមួយប្រកួតចុងក្រោយនេះ ក្នុងការចាប់យកតំណែងលេខ៤ មានកៅអីឡើងជម្រុះជុំទី៤ គ្រាដែលកូរ៉េខាងត្បូង និងហ្ស៊ដានី យកបានកៅអីជុំចុងក្រោយរួចហើយ ។

សូមជម្រាបផងថា សម្រាប់ក្រុមដែលមានកៅអីឡើងលេងវគ្គជម្រុះជុំទី៤ ផ្លូវការនោះមានក្រុមអូស្រ្តាលី អារ៉ាប៊ីសាអូឌីត និងក្រុមឥណ្ឌូនេស៊ី ដ្បិតទាំង ៣ក្រុមនេះត្រូវលេងដណ្តើម ៣ពិន្ទុបង្គ្រប់កិច្ចក្នុងការកំណត់ក្រុមឈរលេខរៀងទី២, ៣ ឬទី៤ ផ្លូវការក្នុងពូល C ដែលមានជប៉ុន ឈរលេខមួយឡើងទៅជុំចុងក្រោយជាផ្លូវការ ។ ខណៈពូល A ជាការដណ្តើមតំណែងលេខ៣ ក្នុងតារាងរវាងអេមីរ៉ាតអារ៉ាប់រួម និងកាតា ជាមួយឱកាសលេងជុំទី៤ ក៏មានកៅអីរួចហើយផងដែរ ៕