(ភ្នំពេញ)៖ ប្រតិភូកីឡាហាប់គីដូកម្ពុជា ដឹកនាំដោយលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹក បានចេញដំណើរទៅចូលរួមការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ីហើយ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ ខណៈកីឡាករ-កីឡាការិនី បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រជែងមេដាយជូនជាតិពីព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។
នេះទើបជាលើកទី២ ប៉ុណ្ណោះ ដែលក្រុមកីឡាហាប់គីដូកម្ពុជា បានចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ បន្ទាប់ពីការចូលរួមប្រកួតលើកដំបូង នៅក្នុងព្រឹត្តិការណ៍ហាប់គីដូជើងឯកពិភពលោក នៅប្រទេសថៃ កាលពីឆ្នាំ២០២៤ កន្លងទៅ ។ ទោះបីនេះជាការប្រកួតកម្រិតដំបូងលើកដំបូង តែកីឡាករ-កីឡាការិនី ហាក់មានក្ដីរំពឹងខ្ពស់ ក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗ ក្រោយពួកគេមានបទពិសោធន៍ប្រកួតលក្ខណៈអន្ដរជាតិម្ដងរួចមកហើយ។
កីឡាករ ភិន មុន្នីរ័ត្ន បានសម្ដែងក្ដីរីករាយ ដែលថ្នាក់ដឹកនាំសហព័ន្ធបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសឲ្យខ្លួនបានចូលរួមប្រកួតអន្ដរជាតិជាថ្មី ដើម្បីវាស់ស្ទង់សមត្ថភាពជាមួយបណ្ដាប្រទេសផ្សេងៗ ។ ទោះបីមានក្ដីបារម្ភខ្លះ លើលក្ខខណ្ឌបច្ចេកទេស តែរូបគេ នៅតែជឿជាក់នឹងអាចធ្វើបានល្អប្រសើរ ។ មុន្នីរ័ត្ន បន្ដថា «ពួកយើងបានត្រៀមច្រើន ហើយក៏មានក្ដីរំពឹងខ្ពស់ជាងមុន ដោយសារយើងធ្លាប់បានបទពិសោធន៍ម្ដងហើយនៅថៃ ហើយលើកនេះ យើងនឹងព្យាយាមធ្វើឲ្យបានកាន់តែល្អជាងមុន»។
ដោយឡែកកីឡាការិនី ណុប ស្រីពេជ្រ បានលើកឡើងស្រដៀងគ្នាថា «សម្រាប់ខ្ញុំបានត្រៀមលក្ខណៈរួចរាល់ ដើម្បីបង្ហាញថ្វីដៃ ក៏ដូចជាការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានា។ ខ្ញុំបានតាំងចិត្ត និងជម្នះនូវរាល់ភាពភ័យខ្លាចរបស់ខ្លួន ទោះបីយើងដឹងថា ម្ចាស់ផ្ទះឥណ្ឌូនេស៊ី មានភាពរីកចម្រើនផ្នែកវិស័យកីឡាហាប់គីដូនេះក្ដី ក៏នាងខ្ញុំបានត្រៀមលក្ខណៈរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយដៃគូគ្រប់បណ្ដាប្រទេស ដើម្បីឈានទៅដណ្ដើមមេដាយជូនជាតិមាតុភូមិ»។
ទន្ទឹមជាមួយគ្នា ក្នុងនាមប្រតិភូដឹកនាំ លោក គង់ ចាន់ធីណា បានចាត់ទុកការប្រកួតលក្ខណៈអន្ដរជាតិនេះ គឺជាឱកាសដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការបង្ហាញ ក៏ដូចជាវាស់ស្ទង់សមត្ថភាព ក្រោយពីពួកគេបានខិតខំហ្វឹកហាត់អស់ពេលជាយូរកន្លងមក ដែលស្របតាមផែនការ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយពីសក្ដានុពលវិស័យកីឡាហាប់គីដូកម្ពុជា ទាំងក្នុងប្រទេស និងក្រៅប្រទេស។ លោកសង្ឃឹមថា កីឡាករ-កីឡាការិនីទាំងអស់ នឹងខិតខំអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អជូនជាតិមាតុភូមិវិញ។
គួរដឹងថា ការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅឥណ្ឌូនេស៊ី នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥ ខែមិថុនាខាងមុខ ដោយមានអត្តពលិកមកពី ៨ប្រទេសចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជាចំនួន ១១រូបផងដែរ៕