(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានប្រកាសសមាសភាពក្រុម ដែលទទួលបានកៅអី ត្រូវចូលរួមការប្រកួតពានរង្វាន់ទាំង ៣កម្រិតប្រចាំទ្វីបអាស៊ី រួមមាន AFC Champions League Elite (ACL Elite), AFC Champions League Two (ACL Two) និងពាន AFC Challenge League (ACGL) សម្រាប់រដូវកាលឆ្នាំ២០២៥/២៦ ជាផ្លូវការហើយ ខណៈកម្ពុជា មាន ២ក្រុម ដែលទទួលបានកៅអីចូលរួមការប្រកួតពានរង្វាន់AFC Challenge League ឬពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ។

ប្រភពដដែលបានបញ្ជាក់ថា សមាសភាពក្លិបបាល់ទាត់ទាំងពីររបស់កម្ពុជា រួមមានក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបភ្នំពេញក្រោន ។ សម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងនាមក្រុមជើងឯករងពាន AFC Challenge League 2024/25 និងជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ នឹងទទួលបានកៅអីចូលវគ្គចែកពូល(Group Stage) ដោយស្វ័យប្រវត្តិ ។ រីឯក្លិបភ្នំពេញក្រោនវិញ នឹងត្រូវលេងវគ្គជម្រុះ (Preliminary round) សម្រាប់ពានរង្វាន់ AFC Challenge League 2025/26 ខាងមុខ។

គួរដឹងថា កាលពីរដូវកាលមុន កម្ពុជាមាន ១ក្រុមប៉ុណ្ណោះ ដែលបានចូលរួមព្រឹត្តិការណ៍បាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ីនេះ គឺក្លិបព្រះខ័នរាជស្វាយរៀង ហើយពួកគេក៏បានកសាងប្រវត្តិសាស្ដ្រថ្មី ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ មុនចាញ់ក្រុម FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន បានត្រឹមជើងឯករង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕