(ភ្នំពេញ)៖ ក្រុមហ៊ុន COMERCI TALENT ដែលជាភ្នាក់ងារផ្តល់សេវាកម្មផ្នែកបង្ហាញម៉ូតលំដាប់អន្តរជាតិ បានបង្ហាញវត្តមានលើកដំបូង នៅក្នុងទីផ្សារហ្វេសិនប្រទេសកម្ពុជា ជាមួយនឹងការប្រារព្ធពិធីសម្ពោធជាផ្លូវការ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមកិច្ចសហការឧបត្ថម្ភពីសណ្ឋាគារលំដាប់ផ្កាយ៥ Rosewood Phnom Penh ដែលមានថ្នាក់ដឹកនាំក្រុមហ៊ុន COMERCI TALENT គ្រប់ជាន់ថ្នាក់ ព្រមទាំងតារាបង្ហាញម៉ូតល្បីៗលំដាប់អន្តរជាតិប្រចាំនៅកម្ពុជាជាច្រើននាក់។
នាយកប្រតិបត្តិក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT លោក Tino បានមានប្រសាសន៍ឱ្យដឹងថា COMERCI TALENT ជាក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងលើតារាបង្ហាញម៉ូតអន្តរជាតិនៅក្នុងទីផ្សារហ្វេសិនក្នុងប្រទេសកម្ពុជា ហើយក្រៅពីនេះ យើងក៏មានការផ្តល់សេវាកម្មផ្នែកតារាចម្រៀង តន្ត្រីករ ឌីជេ ពិធីករ-ពិធីការិនី និងអ្នករាំល្បីៗជាច្រើនទៀត។
លោកបានបញ្ជាក់ថា «ខ្ញុំជាជនជាតិបរទេស និងមានការងារនៅក្នុងវិស័យមួយនេះ ខ្ញុំដឹងច្បាស់ពីភាពងាយស្រួល និងផលលំបាកមួយចំនួនក្នុងការរស់នៅក្រៅប្រទេស ឆ្ងាយពីក្រុមគ្រួសាររបស់តារាអន្តរជាតិដែលព្យាយាមដើរតាមក្ដីស្រមៃរបស់ខ្លួន នោះហើយជាមូលហេតុដែលខ្ញុំបង្កើតក្រុមហ៊ុននេះឡើង ដើម្បីចូលរួមសម្របសម្រួលដល់ការងាររបស់ពួកគេ ផ្តល់នូវភាពងាយស្រួល ភាពកក់ក្ដៅ ក្ដីគោរព និងឱ្យតម្លៃ ហើយក៏ជាការផ្តល់ឱកាសការងារដល់តារាម៉ូឌែលកម្ពុជា ក៏ដូចជាបើកទីផ្សារហ្វេសិននៅកម្ពុជាឱ្យកាន់តែទូលំទូលាយ»។
លោក Eric Comerci ដែលជាដៃគូសហការបានមានប្រសាសន៍ថា តារាអន្តរជាតិនៅក្នុងក្រុមហ៊ុន COMERCI TALENT សុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលពោរពេញដោយសមត្ថភាពខ្ពស់ មានជំនាញច្បាស់លាស់ជាច្រើនឆ្នាំ។ ពួកគេនឹងនាំមកនូវបទពិសោធន៍ក្នុងអាជីពរបស់ពួកគេមកបង្ហាញ និងចែករំលែកនៅក្នុងវិស័យបង្ហាញម៉ូត ខណៈដែលក្រុមហ៊ុនក៏មានទទួលសហការជាមួយតារាអាជីពនៅក្នុងប្រទេសកម្ពុជាផងដែរ។
នៅក្នុងពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT ប្រចាំនៅកម្ពុជា ក៏មានវត្តមាន កញ្ញា Sydney Marith តារាម៉ូដែលសញ្ជាតិខ្មែរ-អាមេរិកាំង ជាម្ចាស់ជ័យលាភីលេខ1នៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ និងទេពកោសល្យលំដាប់អន្តរជាតិ Miss Supranational Cambodia 2025 ធ្វើជាអ្នកសម្របសម្រួល និងជាវាគ្មិនកិត្តិយស ជាមួយនឹងការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួននៅលើឆាកអន្តរជាតិជាច្រើនឆ្នាំនៅក្នុងកម្មវិធីមួយនេះផងដែរ។
សូមបញ្ជាក់ដែរថា ការប្រកាសបើកដំណើរការជាផ្លូវការរបស់ក្រុមហ៊ុនភ្នាក់ងារ COMERCI TALENT នៅក្នុងប្រទេសកម្ពុជា គឺជាដំណឹងល្អ និងជាការជួយលើកកម្ពស់វិស័យបង្ហាញម៉ូដនៅកម្ពុជា ហើយក្រុមហ៊ុនក៏បានផ្តល់នូវឱកាសការងារជាច្រើនដល់តារាបង្ហាញម៉ូដ ឌីជេ អ្នករាំ អ្នកសម្តែង និងអ្នកមានទេពកោសល្យនៅក្នុងវិស័យបង្ហាញម៉ូដទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេសចម្រុះជាតិសាសន៍ ហើយក្រុមហ៊ុននឹងធ្វើឱ្យពិភពលោកស្គាល់ពីទីផ្សារហ្វេសិនកម្ពុជាផងដែរ៕