(ភ្នំពេញ)៖ ដៃគូអាជីវកម្មរបស់ ធនាគារ ជីប ម៉ុង នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានមកទស្សនកិច្ចការិល័យកណ្តាលរបស់ធនាគារដែលស្ថិតនៅក្នុងអគារជីប ម៉ុង ថៅវើ ដែលជាប្រភេទការិយាល័យធនាគារដ៏ទំនើប ផ្តល់នូវផាសុកភាព ដល់បុគ្គលិកក្នុងការបំពេញការងារ។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានប្រាប់អ្នកសារព័ត៌មានថា ការអញ្ជើញដៃគូអាជីវកម្មនានាមកទស្សនកិច្ចនៅការិយាល័យកណ្តាលរបស់ធនាគារ ដែលស្ថិតនៅក្នុងអគារ ជីប ម៉ុង ថៅវើ គឺដើម្បីបង្ហាញដល់អតិថិជនពីការចាក់គ្រឹះដ៏រឹងមាំនៃធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ ប្រៀបដូចជាអគារកម្ពស់៤៥ជាន់មួយនេះ ដែលនឹងធ្វើឱ្យដៃគូអាជីវកម្មកាន់តែមានទំនុកចិត្តមកលើការទទួលសេវាកម្មផ្សេងៗរបស់ធនាគារនេះ។

លើសពីនេះទៅទៀត ការរៀបចំការិយាល័យធ្វើការ និងបម្រើដៃគូពាណិជ្ជកម្មដ៏ទំនើបនេះ គឺជាការបង្ហាញពីការគិតគូរដល់បុគ្គលិក ដើម្បីឱ្យពួកគាត់ចាត់ទុកទីនេះ គឺជាផ្ទះទី២របស់ខ្លួន ដែលធ្វើឱ្យពួកគាត់ទទួលបានបរិយាកាសការងារដែលទំនើប ស្រស់ស្រាយ ដែលជាលទ្ធផលអាចផ្តល់សេវាធនាគារទៅអតិថិជនបានកាន់តែជឿជាក់និងល្អប្រសើរថែមទៀត

អ្នកឧកញ៉ា លាង ម៉េង បន្ថែមថា ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយសហគ្រិនខ្មែរ គឺជាធនាគារឈានមុនមួយនៅកម្ពុជា ដោយគិតមកដល់មកពេលនេះ ធនាគារ ជីប ម៉ុង មានវត្តមាននៅក្នុងវិស័យធនាគារនៅកម្ពុជា៦ឆ្នាំ និងសម្រេចបាននូវកំណើនដ៏រឹងមាំ និងស្ថិរភាពខ្ពស់គួរឱ្យកត់សម្គាល់ ហើយធនាគារ ជីប ម៉ុង នឹងខិតខំក្នុងការកសាងគ្រឹះធនាគារនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជំរុញការផ្តល់សេវាកម្មនានាជូនអតិថិជន ដូចជាផ្តល់ប្រាក់កម្ចី ទទួលប្រាក់បញ្ញើ និងសេវាកម្មផ្សេងទៀតឱ្យកាន់តែទូលាយ។

គួរជម្រាបថា គិតមកទល់បច្ចុប្បន្ននេះ ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុប ១ ៦០០លានដុល្លារ ជាមួយចំនួនប្រាក់បញ្ញើកើនរហូតដល់១៣០០លានដុល្លារ និងប្រាក់កម្ចីមានរហូតដល់ ៨០០លានដុល្លារ ហើយធនាគារ ជីប ម៉ុង ក៏បានបន្តបន្ថែមនូវដើមទុនបូកបន្ថែមលើទុនចុះបញ្ជីដែលធ្វើឱ្យដើមទុនសរុបកើនដល់ជិត ២០០លានដុល្លារអាមេរិកផងដែរ។ ការកើនឡើងនៃការចាក់បញ្ចូលនូវដើមទុននេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរបស់ធនាគារ ជំរុញឱ្យធនាគារជីប ម៉ុង កាន់តែរឹងមាំ និងមាននិរន្តភាពយូរអង្វែងឆ្ពោះទៅមុខ៕