(ឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានរងបរាជ័យ ១ទល់នឹង៣ ក្រោមថ្វីជើងរបស់ភ្ញៀវសេណេហ្គាល់ នៃជំនួបមិត្តភាពអន្តរជាតិនាយប់មិញនេះ នៅកីឡដ្ឋាន The City Ground ទឹកដីរបស់ក្លិប Nottingham Forest។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះជាការរងបរាជ័យលើកដំបូងផងដែរ ក្នុងចំណោម ៤ប្រកួតដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Thomas Tuchel ក្រោមកិច្ចសន្យា ១ឆ្នាំកន្លះរបស់លោក ដែលកន្លងមកធ្លាប់ដឹកនាំក្លិបអាជីពតោខៀវ Chelsea របស់អង់គ្លេសដែរ។
ក្នុងប្រកួត ៩០នាទីពេញនោះដែរ ប្រធានក្រុម Harry Kane ដែលត្រូវបានជ្រើសរើសចេញពីក្លិបអាល្លឺម៉ង់ Bayern Munich ផងនោះ ជាអ្នករកបានគ្រាប់នាំមុខតែម្តង ត្រឹមចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះ និងជាការរកបានគ្រាប់ទី២ ទៀត ក្នុងចំណោម ២ប្រកួតចុងក្រោយរបស់អង់គ្លេស បន្ទាប់ពីរួមចំណែកស៊ុតគ្រាប់ជ័យជម្នះទៅលើអង់ដូរ៉ា ជម្រុះ World Cup 2026 កាលចុងសប្តាហ៍មុនដែរ។
យ៉ាងណាក៏ដោយ ប្រវតិ្តសាស្រ្តក៏បានចារ នៅពេលសេណេហ្គាល់ជាក្រុមដំបូងគេមកពីទ្វីបអាហ្រ្វិក (CAF) ដែលបានយកឈ្នះអង់គ្លេស ដ្បិតកន្លងមកអង់គ្លេសបានយកឈ្នះ ១៥លើក និងស្មើ ៦លើក ក្នុងចំណោម ២១ប្រកួតតតាំងជាមួយក្រុមនានាមកពីតំបន់អាហ្វ្រិក៕