(ស៊ីដនី)៖ កង់ហ្គូរូអូស្រ្តាលី ជាប្រទេសទី១៣ ដែលបានទទួលបានសិទ្ធិទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នាឆ្នាំក្រោយនេះ ក្នុងចំណោម ៤៨ក្រុមសរុប។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជាការកត់សម្គាល់ នេះជាលើកទី៦ ជាប់ៗគ្នាដែលអូស្រា្តលីបានបង្ហាញខ្លួននៅ World Cup ក្នុងចំណោមពីការឡើងដល់ជុំចុងក្រោយចំនួន ៧លើក នៅពេលឆ្នាំ២០០៦ និងឆ្នាំ២០២២ ពួកគេបានធ្វើបានល្អជាងគេ តាមរយៈឈានដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។

ការទទួលបានកៅអីសម្រាប់ជុំចុងក្រោយនៅ World Cup 2026 ពោលគឺតាមរយៈជួយជម្នះ ២ទល់នឹង១ របស់ពួកគេទៅលើគូប្រជែង អារ៉ាប៊ីសាអូឌីតកាលពីរាត្រីថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥។

នេះមានន័យថា អូស្រ្តាលីបានចូលរួមជាមួយ អ៊ូសបេគីស្ថាន និងហ្សកដានី ដែលបានកៅអីទៅលេង World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ជាមួយនឹងសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ក្នុងនាមម្ចាស់ផ្ទះ។

ក្រៅពីនោះនៅមាន អ៉ីរ៉ង់ ជប៉ុន និងកូរ៉េខាងត្បូង ក្នុងនាមលេងតំណាងឱ្យទ្វីបអាស៊ី (AFC) និងណូវែលហ្សេឡង់មកពីទ្វីបអូសេអានី និងអាហ្សង់ទីន មកពីតំបន់អាមេរិកឡាទីន និងក្នុងនាមជាក្រុមការពារតំណែងជើងឯកទៀតផង រួមទាំងប្រេស៊ីល និងអេក្វាទ័រ៕