(សៅប៉ូឡូ)៖ ក្រុមជម្រើសជាតិប្រេស៊ីល ពេលនេះទទួលបានកៅអីឈានទៅលេងជុំចុងក្រោយពាន FIFA World Cup 2026 ជាមួយក្រុមអាហ្សង់ទីន បន្ទាប់ពីក្រុមជើងឯក ៥សម័យកាលមួយនេះ បានយកឈ្នះក្រុមប៉ារ៉ាហ្គាយ ១-០ ពីការប្រកួតជម្រុះក្នុងតំបន់ CONMEBOL នៃប្រកួតទី១៦ របស់ពួកគេ។

ការយកឈ្នះក្រុមប៉ារ៉ាហ្គាយ បាននាំឱ្យប្រេស៊ីល ដែលទើបតែងតាំងលោក Carlo Ancelotti កើនបាន ២៥ពិន្ទុឈរលេខ៣ ក្នុងតារាងលេងវគ្គជម្រុះក្នុងតំបន់នេះ មានលក្ខខណ្ឌគ្រប់គ្រាន់ឈានទៅ World Cup 2026 ដែលមានសហម្ចាស់រួមគ្នារវាង សហរដ្ឋអាមេរិក ម៉ិចស៊ិក និងកាណាដា ។

ខណៈក្រុមអេក្វាឌ័រ ឈរតំណែងលេខ២ ក៏មាន ២៥ពិន្ទុទទួលបានកៅអីឈានទៅ World Cup 2026 និងជាលើកទី៥ របស់ពួកគេឡើងជុំចុងក្រោយ បន្ទាប់លេងស្មើជាមួយប៉េរូ ក្នុងវគ្គជម្រុះជុំទី១៦ ក្នុងតំបន់នេះ ។

សម្រាប់ពីរប្រកួតចុងក្រោយនៅតំបន់អាមេរិកឡាទីន ក្រុមជម្រើសជាតិប្រេស៊ីល ត្រូវប៉ះក្រុមឈីលី និងក្រុមបូលីវី ដែលត្រូវបញ្ចប់វគ្គជម្រុះនេះនៅខែកញ្ញា ឆ្នាំ២០២៥នេះ ខណៈពេលនេះក្រុមចេញពី CONMEBOL មានអាហ្សង់ទីន ប្រេស៊ីល និងអេក្វាឌ័រ ឈានទៅជុំចុងក្រោយនៅឆ្នាំ២០២៦ ។

ក្រៅពីក្រុមម្ចាស់ផ្ទះ ៣ប្រទេស ពេលនេះក្រុមចេញពីតំបន់អាស៊ីមាន ៦ក្រុមហើយដូចជាអូស្ត្រាលី, ជប៉ុន, អ៊ីរ៉ាង់, ហ៊្សកដានី, កូរ៉េខាងត្បូង និងអ៊ូបេគីស្ថាន ជាមួយនឹង ១ក្រុមចេញពីតំបន់អូសេអានី OFC គឺក្រុមណូវែលហ្សេឡង់ ៕