(ភ្នំពេញ)៖ លោក គង់ ផល្លី ប្រធានក្លិបកីឡាវាយសី SNP ដែលជាក្លិបថ្មី ទើបបង្កើតលើទឹកដីព្រែកលៀប បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកីឡាវាយសីនៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីថ្នាល ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ក៏ដូចជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។
ការលើកឡើងនេះ ស្របពេលក្លិបត្រៀមបើកដំណើរការសាកល្បង នាថ្ងៃទី១៥-៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដោយបើកឲ្យមហាជនចូលរួមលេងកម្សាន្ដ និងសុខភាព ដោយឥតគិតថ្លៃ ដែលមានទីតាំងលើផ្លូវជាតិលេខ 6A ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណៈថ្នាក់ដឹកនាំក្លិប អំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សចូលរួមឲ្យបានច្រើនកុះករ។
ប្រធានក្លិបខាងលើ បានគូសបញ្ជាក់ថា ការបង្កើតក្លិបនេះ គឺឆ្លើយតបនឹងភាពរីកចម្រើននៃវិស័យកីឡាជាតិ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលនិយមលេងកីឡាគ្រប់វ័យ ។ លើសពីនេះ ក្លិបចង់ជំរុញឲ្យសិស្សានុសិស្សចូលរួមលេងកីឡាវាយសី ក្រោយទំនេរពីការសិក្សា ចៀសវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ខណៈក្លិបមានផែនការបណ្ដុះបណ្ដាលថ្នាលឲ្យក្លាយជាធនធានកីឡាករ-កីឡការិនីអាជីពទៀតផង។
លោកបន្ដថា «គោលបំណងខ្ញុំ គឺខ្ញុំចង់បណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយ ឲ្យគាត់ហ្វឹកហាត់កីឡាវាយសី ។ បន្ទាប់មកយើងនឹងចម្រាញ់អ្នកមានសមត្ថភាព មកពង្រឹងការហ្វឹកហាត់ពួកគេឲ្យបានខ្លាំង ជាមួយក្រុមគ្រូបង្វឹកមានបទពិសោធន៍យូរឆ្នាំ ដើម្បីបង្កើននូវធនធានកីឡាករថ្នាលត្រៀមចូលរួមការប្រកួតនានា ហើយខ្ញុំសង្ឃឹមថា រាល់ការប្រកួតក្នុងប្រទេសនាពេលខាងមុខ នឹងមានវត្តមានក្លិបកីឡាវាយសី SNP ចូលរួមដែរ»។
លោក គង់ ផល្លី បានបន្ថែមទៀតថា «យើងខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីជំរុញកីឡាករ-កីឡាការិនីថ្នាលរបស់យើង ជាមួយផែនការដ៏ជាក់លាក់ ដើម្បីរួមចំណែកជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងការផលិតធនធានកីឡាករ-កីឡាការិនីថ្នាលមឆ្នើមៗ សម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វជាម្ចាស់ផ្ទះ ។ ខ្ញុំសង្ឃឹមថា ក្លិបរបស់យើង នឹងមានកីឡាករថ្នាលរបស់យើង ដែលអាចចូលរួមការប្រកួត នាឆ្នាំ២០២៩ ផងដែរ»។
លោកសង្ឃឹមថា ក្រោយបើកដំណើរការសាកល្បងនាចុងសប្ដាហ៍នេះ ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សនឹងចូលរួមហ្វឹកហាត់ និងលេងកីឡាដើម្បីសុខភាពឲ្យបានច្រើន ស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។ ចំពោះកីឡាករ-កីឡាការិនីឆ្នើមៗ ដែលក្លាយជាសមាជិកក្លិបវិញ ក្លិបក៏ត្រៀមផ្ដល់នូវប្រាក់ឧបត្ថម្ភប្រចាំខែ និងការឧបត្ថម្ភផ្សេងៗ រាល់ពេលចូលរួមការប្រកួតនានា និងទទួលបានជយាលភីផងដែរ៕