(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ប្រទេសសហម្ចាស់ផ្ទះ World Cup ឆ្នាំក្រោយជាមួយមិចស៊ិក និងកាណាដា បានរងបរាជ័យដ៏ធ្ងន់ធ្ងរបំផុត ក្រោមថ្វីជើងរបស់ស្វីសកាលពីរាត្រីថ្ងៃអង្គារ នៃជំនួបមិត្តភាពអន្តរជាតិ (ម៉ោងក្នុងតំបន់)។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អាមេរិកដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Mauricio Pochettino បានរបូតដល់ទៅ ៤គ្រាប់ឯណោះក្នុងរយៈពេលតែ ៣៦នាទីនៅឯកីឡដ្ឋាន Geodis Park ដែលស្ថិតក្នុងរដ្ឋ Nashville និងជាការរងបរាជ័យលើកទី៤ ក្នុងដីរបស់ពួកគេផងដែរ គិតចាប់តាំងពីឆ្នាំ២០០៧ មក។
គិតចាប់តាំងពីខែមីនាមក ប្រទេសសហម្ចាស់ផ្ទះ World Cup 2026 មួយនេះបានចាញ់ប៉ាណាម៉ា កាណាដា និងតួកគី ក្នុងជំនួបមិត្តភាពអន្តរជាតិ មុនពេលចាប់ផ្តើមយុទ្ធនាការ Gold Cup ក្នុងខែមិថុនានេះ។
នេះជាកំណត់ត្រាដ៏អាក្រក់មួយសម្រាប់លោក Pochettino ដែលបានចូលដឹកនាំសហរដ្ឋអាមេរិកនាអំឡុងខែសីហា ឆ្នាំ២០២៤ តាមរយៈឈ្នះ ៥ដង និងចាញ់ ៥ដងដូចគ្នា ក្នុងចំណោមដឹកនាំទើបបាន ១០ប្រកួត។ អាមេរិកបានដើរតាមគន្លងចាស់ដែលធ្លាប់របូត ៤គ្រាប់នេះដែរក្នុងរង្វង់ ៤០នាទីជាលើកដំបូងម្តងទៀត គិតចាប់តាំងពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨០៕