(បរទេស)៖ ថ្មីៗនេះមេធំរបស់កម្មវិធីផ្ញើសារ Snapchat បានប្រកាសថា ខ្លួននឹងបញ្ចេញវ៉ែនតាឆ្លាតវៃថ្មីសម្រាប់អ្នកប្រើប្រាស់ទូទៅនៅឆ្នាំ២០២៦ ដោយបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុន Meta ដែលជាគូប្រជែងធំជាងគេនៅក្នុងទីផ្សារបច្ចេកវិទ្យាដែលអាចពាក់បាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមហ៊ុន Snap បានឱ្យដឹងថា វ៉ែនតានេះ មានឈ្មោះថា «Specs» ដែលជាការបំបែកចេញពីម៉ាក Spectacles ដែលត្រូវបានដាក់ដំណើរការជាវែនតាឆ្លាតវៃជំនាន់ទី ៥ កាលពីខែកញ្ញា ឆ្នាំមុន ប៉ុន្តែមានសម្រាប់តែ Developer ប៉ុណ្ណោះ។ Specs ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា AR (Augmented Reality) និងត្រូវបានរចនាឡើងឱ្យមានទម្ងន់ស្រាល ព្រមទាំងបំពាក់ដោយលក្ខណៈពិសេសសំខាន់ៗជាច្រើនផ្សេងទៀត ដែលផ្តោតលើការពង្រីកបទពិសោធន៍ការពិតនិម្មិត (augmented reality) របស់អ្នកប្រើប្រាស់។

លោក Evan Spiegel សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Snap បាននិយាយនៅឯពិព័រណ៍ពិភពលោក augmented World Expo 2025 ថា ក្រុមហ៊ុនបានវិនិយោគជាង ៣ ពាន់លានដុល្លារក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ដើម្បីអភិវឌ្ឍវ៉ែនតា augmented reality របស់ខ្លួន។ ការបញ្ចេញ Specs នេះនឹងបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Meta និង Google នៅក្នុងទីផ្សារបច្ចេកវិទ្យាដែលអាចពាក់បាន។

គួរជម្រាបថា តម្លៃ និងលក្ខណៈបច្ចេកទេសលម្អិតរបស់ Specs មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែលោក Evan Spiegel នាយកប្រតិបត្តិក្រុមហ៊ុន Snap បានបញ្ជាក់ថា វ៉ែនតានេះនឹងមានតម្លៃថោកជាងកាស Vision Pro របស់ Apple ដែលមានតម្លៃ ៣,៤៩៩ ដុល្លារ៕