(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានណែនាំឲ្យអាជ្ញាកណ្ដាល-ចៅក្រម ត្រូវបំពេញតួនាទីភារកិច្ច ប្រកបដោយតម្លាភាព សុក្រឹតភាព និងយុត្តិធម៌បំផុត រាល់ការប្រកួតនានា ពិសេសការប្រកួតកម្រិតសិស្ស ដ្បិតការកាត់សេចក្ដីដោយឈរលើគោលការណ៍ត្រឹមត្រូវ គឺជាកសាងទំនុកចិត្ត និងជំរុញឲ្យកីឡាករ-កីឡាការិនី ពិសេសយុវជនបន្ដវេន កាន់តែទឹកចិត្ដខិតខំហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាធនធានដ៏មានសក្ដានុពលសម្រាប់ជាតិនាថ្ងៃអនាគត។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្គាណ្ដាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយដំណើរការសិក្សា ២ថ្ងៃ នៅថ្ងៃទី១០-១១ ខែមិថុនាកន្លងទៅ នៅការិយាល័យកណ្ដាល ស.ស.យ.ក រាជធានីភ្នំពេញ ដោយមានសិក្ខាកាមចូលរួម ២៧នាក់ ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាជំរុញការអភិវឌ្ឍឈានទៅក្លាយជាអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិនាថ្ងៃអនាគត សម្រាប់ត្រៀមចូលរួមកាត់សេចក្ដីរាល់ព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិ ពិសេសគឺការត្រៀមចូលរួមកាត់សេចក្ដីក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នៅចុងសប្ដាហ៍នេះ។
ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា វគ្គនេះរៀបចំឡើងស្របតាមគោលការណ៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នេះ គ្រាដែលសហព័ន្ធទើបទទួលបានទំនុកចិត្តពីក្រសួង ក្នុងការដាក់បញ្ចូលកីឡាវ៉ូវីណាម ក្នុងកម្មវិធីប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិលើកដំបូង ចាប់ពីថ្ងៃទី១២-១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ។ ដូច្នេះលោកសង្ឃឹមថា អាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ នឹងក្រេបជញ្ជាក់បាននូវចំណេះដឹងថ្មីៗ ស្របតាមនិយាមអន្ដរជាតិ ដើម្បីធានាការកាត់សេចក្ដីបានកាន់តែល្អប្រសើរ ប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវដល់កីឡាករ-កីឡាការិនី។
បន្ថែមលើនេះ បានបានផ្ដាំផ្ញើ និងណែនាំដល់អាជ្ញាកណ្ដាល-ចៅក្រម ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ត្រូវអនុវត្តតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុត ពិសេសការប្រកួតកីឡាសិស្សមធ្យមសិក្សាចំពោះមុខ ព្រោះសិស្ស គឺជាធនធានបន្ដវេន ហើយពួកគេប្រៀបបានជាក្រដាសសរមួយស្អាត ដែលទាមទារនូវភាពត្រឹមត្រូវជាចាំបាច់ ចៀសវាងការកាត់សេចក្ដីដោយអយុត្តិធម៌ណាមួយ ដែលធ្វើឲ្យពួកគេឆាប់បាក់ទឹកចិត្ត។ ដូច្នេះរាល់ការកាត់សេចក្ដី ត្រូវឈរលើគោលការណ៍តម្លាភាព សុក្រឹតភាព និងយុត្តិធម៌ជានិច្ច ដើម្បីជំរុញទឹកចិត្តខិតខំហ្វឹកហាត់ដល់ពួកគេបន្ដទៀត។
លោក អ៊ូ រតនា បន្ដថា «ខ្ញុំបានធ្វើការណែនាំ មិនថា កីឡាករមកពីក្លិបណា ឬខេត្តណាទេ សំខាន់ល្អ ប្រកួតបានចំណាត់ថ្នាក់ដោយសមត្ថភាព ដើម្បីបង្ហាញនូវភាពយុត្តិធម៌ដល់ពួកគាត់ និងធ្វើឲ្យពួកគាត់មានភាពជឿជាក់ និងទំនុកចិត្តក្នុងការខិតខំហ្វឹកហាត់វ៉ូវីណាម ឲ្យកាន់តែមានសក្ដានុពល និងទទួលបានលទ្ធផលល្អប្រសើររាល់ការចេញទៅប្រកួតនៅក្រៅប្រទេស។ អ្វីដែលយើងធ្វើបាន ទាល់តែយើងចាប់ផ្ដើមពីការអនុវត្តក្នុងស្រុកបានល្អ ហើយអ្វីដែលធ្វើឲ្យក្នុងស្រុកបានល្អ ទាល់តែយើងមានអអាជ្ញាកណ្ដាល-ចៅក្រមល្អ ដែលផ្ដល់ពិន្ទុសុក្រឹត និងយុត្តិធម៌ ធ្វើឲ្យពួកគាត់មានទឹកចិត្តខិតខំហ្វឹកហាត់កាន់តែខ្លាំង»។
សម្រាប់ការប្រកួតវ៉ូវីណាម នៃកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ចុងសប្ដាហ៍នេះ គឺមានកីឡាករ-កីឡាការិនីចូលរួមជាង ៥០នាក់ មកពី ៨រាជធានី-ខេត្ត ។ ក្នុងនាមថ្នាក់ដឹកនាំ លោក អ៊ូ រតនា បានអរគុណថ្នាក់ដឹកនាំក្រសួងអប់រំ និងអង្គភាពចំណុះ ដែលបានផ្ដល់ឱកាសបញ្ចូលកីឡាវ៉ូវីណាម ក្នុងការប្រកួត ហើយសហព័ន្ធប្ដេជ្ញានឹងរៀបចំឲ្យបានល្អបំផុត ដើម្បីឆ្លើយតបនឹងការផ្ដល់នូវគុណតម្លៃដ៏មានសារៈសំខាន់នេះ ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យកីឡាវ៉ូវីណាមកម្ពុជាឲ្យកាន់តែរីកចម្រើន តាមរយៈការសម្រិតសម្រាំងនូវធនធានកីឡាករ-កីឡាការិនីមានសមត្ថភាព និងទេពកោសល្យល្អថ្មីៗ មកបណ្ដុះបណ្ដាលក្លាយជាធនធានបន្ដវេនត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា៕