(មេនឆេស្ទើ)៖ មេឃខៀវ Manchester City បានប្រកាសពីការទិញបានខ្សែបម្រើ Tijjani Reijnders មកពីក្លិបលីគកំពូលអ៉ីតាលី គឺ AC Milan ក្រោមទំហំទឹកប្រាក់ប្រមាន ៤៦.៥លានផោន ក្នុងទីផ្សារដោះដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ នេះ។
កីឡាករស្ថិតក្នុងក្រុមជម្រើសជាតិទឹកក្រូចហូឡង់រូបនេះ បានក្លាយជាសមាជិកថ្មីទី៤ ផងដែរ ក្រោយការមកដល់របស់ Rayan Ait-Nouri, Marcus Bettinelli និង Rayan Cherki។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Reijnders បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំលេងនៅ Etihad និងត្រៀមរួមចំណែកជួយ City លេងពាន FIFA Club World Cup 2025 ចាប់ផ្តើមចុងសប្តាហ៍នេះទៀតដែរ នៅពេលក្រុមអង់គ្លេសមួយនេះ ត្រូវប៉ះ Wydad FC ពីមួយប្រកួតបើកឆាករបស់ពួកគេនាថ្ងៃទី១៨ ខែមិថុនា។
រូបគេរកបាន ១៥គ្រាប់ ពីការចូលលេងសរុប ៥៤ប្រកួតគ្រប់កម្មវិធីសម្រាប់ AC Milan និងត្រូវបានបោះឆ្នោតជាខ្សែបម្រើល្អប្រចាំលីគ Serie A ថែមទៀតផង ដែលធ្វើឱ្យទាក់ចិត្តលោក Pep Guardiola ទិញយក ដើម្បីមកលេងនៅ Premier League វិញម្តង៕