(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិមិចស៊ិក បានបង្ហាញជុំវិញក្តីកង្វល់របស់ពួកគេ ដែលត្រូវប្រកួតបើកឆាកពានរង្វាន់ប្រចាំតំបន់អាមេរិកខាងជើង Gold Cup 2025 ទល់នឹងសាធារណរដ្ឋ Dominican នៅទីក្រុង Los Angeles ជាទីដែលកំពុងផ្ទុះបាតុកម្មជិត ១សប្តាហ៍មកហើយ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមប្រឆាំងបានចេញធ្វើបាតុកម្ម រហូតដល់ផ្ទុះហឹង្សាក្នុងរយៈពេល ៦ថ្ងៃមកហើយនៅទូទាំងទីក្រុង Los Angeles សហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅច្បាប់អន្តោរប្រវេសន៍របស់ប្រធានាធិបតី Donald Trump។

បាតុកម្មដែលពុំទាន់មានរបាយការណ៍អ្នកស្លាប់ និងរបួសនោះ ពោលគឺមានការចាប់ខ្លួនបាតុកររាប់រយនាក់រួចទៅហើយ និងញាំងឱ្យក្រុមជម្រើសជាតិមិចស៊ិក បង្ខំចិត្តផ្លាស់ប្តូរសណ្ឋាគារផងដែរ ដោយសារតែបារម្ភរឿងសុវត្ថិភាព។

សមាគមអ្នកគាំទ្របាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (FSE) បានថ្លែងថា «ស្ថានភាពបាតុកម្មនេះ បានធ្លាក់ចូលក្នុងស្ថានភាពគួរឱ្យបារម្ភជាទីបំផុត»

បើយោងតាមសេចក្តីថ្លែងការណ៍ពីសហព័ន្ធ CONCACAF បានឱ្យដឹងថា ពួកគេបានកំពុងធ្វើការជិតដិតជាមួយអាជ្ញាធរ ជុំវិញស្ថានភាពនៅ LA និងការវិវត្តន៍ថ្មីៗផងដែរ នៅមុនពេលពិធីបើកកម្មវិធី Gold Cup 2025 ធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ខានស្អែកនេះ ស្ថិតក្នុងកីឡដ្ឋាន Sofi តែម្តង៕