(បរទេស)៖ ក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង TotalEnergies និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិតបារាំង Mistral AI បានប្រកាសពីកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រតិបត្តិការថាមពលរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន និងត្រូវបានចុះផ្សាយដោយគេហទំព័រ Investing នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
ភាពជាដៃគូនេះ នឹងបង្កើតមន្ទីរពិសោធន៍ច្នៃប្រឌិតរួមគ្នាដែលមានក្រុមការងារមកពីក្រុមហ៊ុនទាំងពីរ។ Mistral AI នឹងផ្តល់បច្ចេកវិទ្យា AI របស់ខ្លួន ខណៈដែល TotalEnergies នឹងរួមចំណែកចំណេះដឹងរបស់ខ្លួនក្នុងការផលិតថាមពល ជាពិសេសថាមពលកកើតឡើងវិញ និងថាមពលកាបូនទាប។
មន្ទីរពិសោធន៍នេះ នឹងផ្តោតលើកម្មវិធីសំខាន់ៗចំនួនបី៖ ការបង្កើតជំនួយការ AI សម្រាប់អ្នកស្រាវជ្រាវចំនួន ១,០០០ នាក់របស់ TotalEnergies បង្កើតដំណោះស្រាយគាំទ្រការសម្រេចចិត្តដើម្បីបង្កើនប្រសិទ្ធភាពទ្រព្យសម្បត្តិឧស្សាហកម្ម និងកាត់បន្ថយការបំភាយឧស្ម័ន CO₂ ព្រមទាំងការអនុវត្តឧបករណ៍ដើម្បីកែលម្អបទពិសោធន៍អតិថិជន និងការសន្សំថាមពល។
គួរជម្រាបថា លោក Patrick Pouyanné នាយកប្រតិបត្តិ (CEO) របស់ TotalEnergies បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរួមចំណែកដល់ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់អឺរ៉ុប និងស្វែងរកឱកាសថ្មីៗដើម្បីបញ្ចូល AI ទៅក្នុងសកម្មភាពរបស់ខ្លួន។ ភាពជាដៃគូនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ TotalEnergies ក្នុងការទាញយកសក្តានុពលនៃ AI ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការឧស្សាហកម្ម និងគាំទ្រដល់ការផ្លាស់ប្តូរថាមពលរបស់ខ្លួនផងដែរ៕