(ម៉ាឌ្រីដ)៖ ខ្សែការពារអន្តរជាតិអង់គ្លេស Trent Alexander-Arnold បានបង្ហាញខ្លួនជាផ្លូវការនាថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ ក្នុងក្លិបថ្មី Real Madrid ជាមួយបទបញ្ញតិ្តនៅក្របខណ្ឌ La Liga មិនអាចពាក់លេខ៦៦ ដូចកាលលេងនៅ Liverpool ឡើយ។
បណ្តាក្លិបលេងនៅលីគកំពូលអេស្ប៉ាញទាំងអស់ តម្រូវឱ្យពាក់លេខរៀងចាប់ពី ១-២៥ ជាកំហិតជារៀងរាល់រដូវកាលតែម្តង នៅពេលអ្នកចាំទីអាចពាក់បាន ៣លេខ ពោលគឺលេខ១ ឬលេខ១៣ ឬ២៥ ហើយលេខដែល Arnold ពាក់នៅកីឡដ្ឋាន Santiago Bernabeu គឺលេខ១២។
ក្រោយពីពិនិត្យសុខភាពរួចរាល់ Arnold បានថ្លែងក្នុងសន្និសីទថា «ក្តីសុបិនមកលេងនៅ Real Madrid បានក្លាយជាការពិតហើយ។ ខ្ញុំបានដឹងជាយូរមកហើយថា នៅពេលចាកចេញពី Liverpool មានតែ Real ទេ ដែលខ្ញុំចង់ចូលរួម។ ខ្ញុំពិតជាលំបាកសម្រេចចិត្តមែនទែន ក្នុងការចាកចេញពីហង្សក្រហម ជាទីដែលខ្ញុំលេងបាល់តាំងពីតូច។ នៅទីបំផុតខ្ញុំនៅតែសម្រេចចិត្តចាកចេញ ហើយការលាទ្រនំចាស់នេះដែរ ខ្ញុំគិតថាត្រឹមត្រូវសម្រាប់ខ្ញុំ»៕