(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំថៃ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្នុងជំនួបបញ្ចប់ពូលB នៃជើងឯកបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំអាស៊ីអាគ្នេយ៍ (ASEAN U19 Girls' Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ទន្ទឹមនឹងការប្រឈមជាមួយក្រុមការពារតំណែងជើងឯកឆ្នាំចាស់ និងជាក្រុមដ៏មានបទពិសោធន៍យូរឆ្នាំលើសមរភូមិវាលស្មៅនេះដែរ តាមរយៈបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានអ្នកគាំទ្រកម្ពុជាជាច្រើន បានផ្ញើរសាគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកីឡាការិនីកម្ពុជា ឲ្យជួបសំណាងល្អ និងទទួលបានលទ្ធផលក្នុងការប្រកួតនេះ។
គួរដឹងថា ការប្រកួតនេះ ពិតជាសំខាន់ណាស់ សម្រាប់ក្រុមនារី U19 កម្ពុជា ដែលត្រូវការ ៣ពិន្ទុដាច់ខាត ទើបមានឱកាសអ៊ុតកៅអីវគ្គបន្ដ ។ បច្ចុប្បន្នថៃ កំពុងឈរកំពូលតារាង រកបាន ៦ពិន្ទុ ដែលបានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ស្របពេលម៉ាឡេស៊ី ឈរលេខ២ រកបាន ៣ពិន្ទុ គ្រាដែលកម្ពុជា និងឥណ្ឌូនេស៊ី ឈរលេខ៣ និងលេខ៤ រកបាន ១ពិន្ទុស្មើគ្នា ហើយសល់ ១ប្រកួតក្នុងដៃរៀងៗខ្លួន ដែលត្រូវធ្វើការប្រកួតបញ្ចប់ពូលនារសៀលនេះ៕