(ណាប៉ូល)៖ ខ្សែបម្រើបញ្ជូនបាល់ច្បាស់ៗ Kevin de Bruyne បានចុះកិច្ចសន្យាផ្លូវការលេងឱ្យក្លិបពពកស Napoli ដែលជាជើងឯក Serie A រដូវកាលមុន បន្ទាប់ពីអស់សុពលភាពកិច្ចសន្យាជាមួយក្លិបអង់គ្លេស មេឃខៀវ Manchester City នារដូវកាលនេះ។
នេះមានន័យថា កីឡាករអន្តរជាតិប៊ែលហ្សិក វ័យ ៣៣ឆ្នាំរូបនេះ នឹងលេងរួមជាមួយអតីតកីឡាករលេងនៅ Premier League ដូចគ្នាគឺ Scott McTominay និង Billy Gilmour ដែលទើបបានរួមចំណែកជួយ Napoli ឈ្នះពានលីគរដូវកាលមុនផងដែរ។
នៅក្នុងអត្ថបទព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័រកីឡា BBC មិនបានបញ្ជាក់ពីកិច្ចសន្យារបស់ De Bruyne ឡើយ ដ្បិតពួកគេយករូបគេមិនអស់តម្លៃផ្ទេរ ក្រោយចាកចេញពី Man City ជាទីដែលរូបគេលេងបាន ១០ឆ្នាំ គិតចាប់តាំងពីចាកចេញពី Wolfsburg របស់អាល្លឺម៉ង់នាឆ្នាំ២០១៥ មក ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយឈ្នះពានធំបានចំនួន ១៩ពានសរុបទៀតផង។
មុនពេលសម្រេចចិត្តមកចូលរួមជាមួយ Napoli អតីតប្រធានក្រុមមេឃខៀវរូបនេះ ក៏ធ្លាប់ត្រូវបានទាក់ទងដោយ Chelsea និង Tottenham ផងដែរ រួមទាំងក្លិបមកពីអាមេរិក លេងនៅ Major League Soccer គឺ Chicago Fire ទៀតផង៕