(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាការិនីចំនួន ២៨នាក់ ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិនារីកម្ពុជា ដើម្បីត្រៀមធ្វើការប្រកួតមិត្តភាពអនន្ដរជាតិជាមួយក្រុមជម្រើសជាតិហ្គាំ (Guam) និងត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូលG នៃជើងឯកបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦ (AFC Women's Asian Cup Australia 2026 Qualifiers) ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។
បញ្ជីឈ្មោះកីឡាការិនីដែលត្រូវបានកោះហៅខាងលើ រួមមានកីឡាការិនីក្លិបភ្នំពេញក្រោន ៩រូប, វិសាខា ៧រូប, ណាហ្គាវើលដ៏ ៤រូប, ព្រះខ័នរាជស្វាយរៀង ២រូប, បឹងកេត ២រូប, សៀមរាបអេហ្វស៊ី ២រូប, ក្លិបមីស្ទើរលេង ១រូប និងកីឡាការិនីខ្មែរកើតលើទឹកដីកាណាដា ឈីវ សាលីណា ផងដែរ។ ចំពោះគ្រូបង្វឹក ដែលត្រូវដឹកនាំ សហព័ន្ធគ្រោងនឹងធ្វើការប្រកាសផ្លូវការនាពេលឆាប់ៗ ខណៈព័ត៌មានចរចាមអារ៉ាមបានទម្លាយថា លោក Conor Nestor គ្រូបង្វឹករបស់ក្លឹបបឹងកេត នឹងត្រូវដឹកនាំក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងបេសកកម្មនេះ។
គួរដឹងថា ក្រុមជម្រើសជាតិនារីកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើតេស្ដដំណាក់កាលដំបូង នៅសប្ដាហ៍ក្រោយ មុនចម្រាញ់កីឡាការិនីផ្លូវការចុងក្រោយ សម្រាប់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិលើកដំបូងនៅកម្ពុជា ដោយត្រូវជួបក្រុមជម្រើសជាតិហ្គាំ នាថ្ងៃទី២៥ ខែមិថុនា មុនកម្ពុជា បើកទ្វារស្វាគមន៍ការប្រកួតជម្រុះពានរង្វាន់ AFC Women's Asian Cup Australia 2026 ពូលG ជាមួយក្រុមភ្ញៀវហុងកុង អារ៉ាប់ប៊ីសាអូឌីត និងហ្វីលីពីន ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ៕