(បរទេស)៖ មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកបានថ្លែងទៅកាន់សមាជិកសភានៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិនអាចផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់បានត្រឹមតែ ២០០,០០០ គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២៥។ ទោះបីជាចំនួននេះទាបជាងតម្រូវការរបស់ក្រុមហ៊ុនក៏ដោយ ក៏មន្ត្រីរូបនោះបានព្រមានថា ប្រទេសចិនកំពុងតែតាមទាន់សមត្ថភាពរបស់សហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

លោក Jeffrey Kessler អនុរដ្ឋលេខាធិការពាណិជ្ជកម្មសម្រាប់ឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសវនាការសភាថា ការវាយតម្លៃរបស់យើងគឺថា សមត្ថភាពផលិតបន្ទះឈីប Ascend របស់ Huawei សម្រាប់ឆ្នាំ ២០២៥ នឹងស្ថិតនៅត្រឹម ២០០,០០០ គ្រឿង ឬទាបជាងនេះ ហើយយើងព្យាករណ៍ថា ភាគច្រើន ឬទាំងអស់នៃបន្ទះឈីបទាំងនោះនឹងត្រូវបានចែកចាយទៅក្រុមហ៊ុននានានៅក្នុងប្រទេសចិន។

ចាប់តាំងពីឆ្នាំ ២០១៩ មក បទប្បញ្ញត្តិស្ដីពីការនាំចេញរបស់សហរដ្ឋអាមេរិកជាច្រើនដែលមានគោលបំណងទប់ស្កាត់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងយោធារបស់ចិន បានដាក់កម្រិតការចូលប្រើប្រាស់របស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនផ្សេងទៀតទៅកាន់បន្ទះឈីបកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក និងឧបករណ៍ដែលត្រូវការដើម្បីផលិតពួកវា។ បញ្ហានេះ បានក្លាយជាចំណុចរសើបក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

លោក Kessler បានបញ្ជាក់ថា ទោះបីជាតួលេខនៃការផលិតមានកម្រិតក៏ដោយ ក៏សហរដ្ឋអាមេរិកមិនគួរមានអារម្មណ៍ធូរស្រាលឡើយ។ លោកបានបន្ថែមថា «ប្រទេសចិនកំពុងបណ្ដាក់ទុនយ៉ាងច្រើនដើម្បីបង្កើនការផលិតបន្ទះឈីប AI របស់ខ្លួន ក៏ដូចជាសមត្ថភាពនៃបន្ទះឈីបដែលខ្លួនផលិតផងដែរ»។

ការព្រមាននេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនាយក AI នៃសេតវិមាន (White House A.I. & Crypto Czar) លោក David Sacks បានថ្លែងថា សមត្ថភាពបញ្ញាសិប្បនិម្មិតរបស់ចិននៅពីក្រោយសហរដ្ឋអាមេរិកត្រឹមតែ ៣ ទៅ ៦ ខែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ សេតវិមានបានបញ្ជាក់នៅពេលក្រោយថា ខណៈពេលដែលគំរូ AI របស់ចិនជិតស្មើគ្នា ប៉ុន្តែវានៅតែយឺតជាងដៃគូប្រកួតប្រជែងសហរដ្ឋអាមេរិកចន្លោះពី ១ ទៅ ២ ឆ្នាំឯណោះ។

ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Huawei កំពុងព្យាយាមយ៉ាងឆាប់រហ័សដើម្បីបិទគម្លាតនេះ។ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Huawei លោក Ren Zhengfei បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីដើមសប្តាហ៍នេះថា បន្ទះឈីបរបស់ក្រុមហ៊ុននៅតែនៅពីក្រោយដៃគូប្រកួតប្រជែងអាមេរិកមួយជំនាន់ ប៉ុន្តែក្រុមហ៊ុន Huawei កំពុងបណ្ដាក់ទុនជាង ២៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីកាត់បន្ថយគម្លាតនេះ។

គួរជម្រាបថា ការដាក់កម្រិតលើការផលិតបន្ទះឈីប AI របស់ Huawei បង្ហាញពីភាពតានតឹងបន្តរវាងមហាអំណាចទាំងពីរ ខណៈដែលចិនបន្តប្រឹងប្រែងដើម្បីកាត់បន្ថយគម្លាតបច្ចេកវិទ្យាជាមួយបស្ចិមប្រទេស៕