(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរបស់កម្ពុជា មានចំណងជើងថា «កំហឹងធ្មប់» ដែលជារឿងទី១របស់ផលិតកម្ម «Mediaload Pictures» និងទទួលបានការគាំទ្រខ្លាំងនៅក្នុងស្រុក កំពុងត្រៀមខ្លួនក្នុងការនាំចេញទៅចាក់បញ្ចាំងនៅក្រៅប្រទេស ខណៈដែលផលិតករបានអះអាងថា កំពុងតែរង់ចាំមើលការវាយតម្លៃបន្ថែមពីទស្សនិកជននៅក្នុងស្រុក ក្រោយចាក់បញ្ចាំងរួចរាល់តាមបណ្ដារោងភាពយន្តនានារួចរាល់សិន។ រឿង «កំហឹងធ្មប់» ដែលជារឿងខ្នាតធំមួយទៀត របស់តារាសម្ដែងស្រីកំពុងឡើងកូដស្រឺតៗ កញ្ញា Melia Constantin និងកំលោះសង្ហា ដេវីត អ៊ឹងហាវ កូនខ្មែរកាត់សិង្ហបុរី ហើយបានសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។
អគ្គនាយកក្រុមហ៊ុន Medialoads លោក អ៊ិន វិចិត្រ បានឱ្យដឹងថា ការផលិតភាពយន្តនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងខ្ពស់បំផុត ក្នុងការបន្តលើកកម្ពស់ឧស្សាហកម្មសិល្បៈភាពយន្តខ្មែរ ដើម្បីឱ្យភាពយន្តដែលមានគុណភាពរបស់ខ្មែរក្លាយជាទីចាប់អារម្មណ៍ និងការទទួលស្គាល់ពីសាធារណជនជាសកល។ រឿង «កំហឹងធ្មប់» ជាភាពយន្តបែបរន្ធត់ ព្រឺព្រួច និងមានរសជាតិថ្មី រហូតអ្នកទស្សនារួចលាន់មាត់សរសើរថា ល្អមើលគ្រប់ៗគ្នា ព្រោះ «កំហឹងធ្មប់» បានចំណាយដើមទុនផលិតរហូតទៅដល់ ៣០ម៉ឺនដុល្លារ ហើយបានសម្រិតសម្រាំងយ៉ាងពិសេស។ ខណៈដែល «កំហឹងធ្មប់» ជារឿងដំបូងរបស់ Mediaload Pictures ម្ចាស់ផលិតកម្ម អ៊ិន វិចិត្រ បានចេញមកបញ្ជាក់ច្បាស់ៗថា ជាភាពយន្តដែលចេញពីគំនិតខ្លួនលោកផ្ទាល់ ព្រោះចូលចិត្តខ្សែភាពយន្តបែបរន្ធត់។ មុនចាក់បញ្ចាំងផ្លូវការ រឿង «កំហឹងធ្មប់» នេះដែរ លោកធ្លាប់បានចាក់ផ្សាយសាកល្បង ៣ដង សម្រាប់ហ្វេនៗ ៣០០នាក់បានទស្សនារួចមកហើយ។
ក្រោយពីទទួលបានការវាយតម្លៃខ្ពស់ ពីសំណាក់អ្នកគាំទ្ររួចមកលោក អ៊ិន វិចិត្រ បានឲ្យដឹងថា ទីផ្សារបរទេសដែលលោកមើលឃើញសម្រាប់នាំចេញ គឺមានប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានភាពពេញនិយមប្រភេទរឿង Horror ហើយប្រទេសបន្ទាប់ គឺសិង្ហបុរី ទីកន្លែងដែលតួឯកប្រុស ដេវីត រស់នៅជាង១០ឆ្នាំ។ គោលដៅបន្តទៀតមានដូចជាហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ។ ចំណែកគោលដៅធំមួយទៀត គឺលក់ទៅឲ្យ Netflix ជា platform ដ៏ធំផងដែរ។
តារាសម្ដែងយុវវ័យជំនាន់ថ្មី គឺកញ្ញា មាលា បានចូលរួមសម្ដែងជាតួឯកឱ្យខ្សែភាពយន្ត «កំហឹងធ្មប់» ដែលផលិតដោយក្រុមហ៊ុនផលិតភាពយន្ត Medialoads ក្នុងការបង្ហាញពីបរិបទថ្មីសន្លាង នៃការការវិឌ្ឍន៍ភាពយន្តខ្មែរបែបភ័យរន្ធត់ ទាំងបច្ចេកទេស និងគុណភាពភាពយន្តខ្មែរ។ ជាមួយគ្នានេះតួឯកស្រីកញ្ញា មាលា ដែលជាស្រីស្អាតកូនកាត់ខ្មែរ-បារាំង បានបង្ហាញភាពរំភើបយ៉ាងជ្រាលជ្រៅ ដោយកាន់ដៃអ្នកម្តាយជាទីស្រឡាញ់មកទស្សនាភាពយន្តខ្លួនសម្ដែង ដែលភាពយន្តថ្មីរបស់ខ្លួនមួយនេះ ត្រូវបានសម្រិតសម្រាំង និងរួមបញ្ចូលនូវគំនិតច្នៃប្រឌិត ការសម្ដែងល្អឥតខ្ចោះ និងខ្លឹមសារអប់រំ។
យ៉ាងណាមិញ នៅថ្ងៃចាក់បញ្ចាំង និងសម្ពោធជាផ្លូវការនូវខ្សែភាពយន្ត «កំហឹងធ្មប់» ក៏មានការផ្តល់រង្វាន់ជាខ្សែកពេជ្រ ជាកាដូសម្រាប់អ្នកមានសំណាងពិសេស និងមានកម្មវិធីធានាសងប្រាក់វិញបើទស្សនាហើយមិនពេញចិត្ត ខណៈដែលមហាជនបានចូលរួមយ៉ាងច្រើនរយនាក់ បានសបញ្ជាក់ពីភាពទាក់ទាញនៃស្នាដៃកូនខ្មែរមួយនេះ។
សូមជម្រាបថា ភាពយន្ត «កំហឹងធ្មប់» ជារឿងនិទានសងសឹកដែលធ្លាប់មានតែក្នុងរឿងព្រេង ប្រាប់អំពីជីវិតនារីម្នាក់ឈ្មោះ មាលា ដែលជាក្មេងស្រីស្លូតបូត ប៉ុន្តែបែរជាក្លាយទៅជាធ្មប់ដ៏កំហឹងក្រោយបាត់បង់មនុស្សជាទីស្រឡាញ់។ ការតស៊ូរបស់នាងនាំឱ្យកើតមានហេតុការណ៍មិននឹកស្មាននាពេលក្រោយ ដែលនាំឱ្យទស្សនិកជនភ្ញាក់ផ្អើលជារឿយៗ។ ចង់ដឹងថា សាច់រឿងបន្តនឹងមានរឿងអ្វីកើតឡើងទៀតនោះ កុំភ្លេចចូលរួមទស្សនាភាពយន្ត «កំហឹងធ្មប់» តាមរោងភាពយន្តទូទាំងប្រទេស ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ តទៅ។ គាំទ្រភាពយន្តខ្មែរ ជាការផ្ដល់កម្លាំងចិត្តដល់ផលិតករ និងតារាសម្ដែងគ្រប់ៗរូប៕