(បរទេស)៖ ក្នុងខែនេះ វេទិកា AI ឈានមុខគេបំផុតរបស់ចិនបានធ្វើអ្វីមួយមិនធ្លាប់មានពីមុនមក ពោលគឺបានបិទទាំងស្រុង អំឡុងពេលសិស្សប្រឡងថ្នាក់ជាតិ។ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ក្រុមហ៊ុនចិនដូចជា ByteDance, Alibaba និង Tencent បានសហការគ្នា ដើម្បីផ្អាកមុខងារ chatbot ដោយឲ្យវាឈប់ដំណើរការ និងទប់ស្កាត់សំណួរទាក់ទងនឹងការប្រឡងទាំងអស់ ដើម្បីបង្ការ ការបន្លំឬលួចចម្លងក្នុងការប្រឡង។
ការប្រឡងចូលមហាវិទ្យាល័យនេះ ត្រូវបានគេស្គាល់ថាជាការប្រឡងដែលតឹងរឹងបំផុតមួយនៅលើពិភពលោក។ សិស្សជាង ១៣លាននាក់បានចូលរួមការប្រឡងនេះជារៀងរាល់ឆ្នាំ ហើយដេីម្បីមានសិទ្ធចូលរៀននៅសាកលវិទ្យាល័យល្បីៗ។ ដើម្បីធានាឲ្យមានភាពត្រឹមត្រូវ ក្រុមហ៊ុន AI ដូចជា Doubao, DeepSeek និង Kimi របស់ Moonshot បានបិទសេវាកម្មសំខាន់ៗរបស់ខ្លួន។ សិស្សដែលព្យាយាមប្រេី AI ដេីម្បីសួរ សំណួរឬរូបភាពនៃការប្រឡងបានជួបនឹងសារបដិសេធថា៖ “មុខងារនេះមិនអាចប្រើបានបណ្តោះអាសន្ន”។ នេះមិនមែនជាកំហុសប្រព័ន្ធទេ — ប៉ុន្តែជាគោលនយោបាយច្បាស់លាស់មួយដែលកំណត់ឡេីង ដេីម្បីភាពត្រឹមត្រូវ។
អាជ្ញាធរចិនក៏បានប្រើប្រាស់ AI ដើម្បីត្រួតពិនិត្យអាកប្បកិរិយានៅក្នុងបន្ទប់ប្រឡងផងដែរ ដោយប្រើបច្ចេកវិទ្យាចាប់សញ្ញា និងសម្លឹងឃើញដើម្បីស្វែងរកសកម្មភាពមិនប្រក្រតី ដែលនេះជាដំណើរបង្រួមជាតិនៃការត្រួតពិនិត្យ ដើម្បីថែរក្សាជំនឿជាក់លើប្រព័ន្ធអប់រំដែលកំពុងជួបបញ្ហាពីបច្ចេកវិទ្យាគ្រប់ជ្រុងជ្រោយ។
គួរជម្រាបថា ចលនានេះបង្ហាញថា បច្ចេកវិទ្យា AI មិនត្រឹមតែបំប្លែងវិធីរៀនទេ ប៉ុន្តែបង្ខំឲ្យប្រព័ន្ធទាំងមូលត្រូវកែប្រែគោលនយោបាយ។ ចិនកំពុងពិចារណាឲ្យមានការបិទសេវា AI ជាប្រចាំក្នុងអំឡុងពេលប្រឡងជាតិនាពេលអនាគត ដើម្បីបញ្ជាក់ថាទោះបីជា AI ខ្លាំងប៉ុណ្ណាក៏ដោយ ក៏មានដែនកំណត់ក្នុងពេលប្រឡងដែរ៕