(បរទេស)៖ អតីតខ្សែបម្រើក្លិប Manchester United និង Juventus គឺ Paul Pogba បានកំពុងតែពិភាក្សា ដើម្បីវិលទៅលេងនៅក្លិប AS Monaco វិញ មានទីតាំងស្ថិតស្រុកកំណើតរបស់គេ ក្រោយរួចផុតពីបម្រាមដកបញ្ឈរជើង ករណីសារធាតុហាមឃាត់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

សមាជិកដែលបានរួមចំណែកជួយមាន់គកបារាំង ឈ្នះជើងឯក World Cup 2018 វ័យ ៣២ឆ្នាំរូបនេះ កាន់តែខិតជិត ក្នុងការវិលទៅលេងនៅក្របខណ្ឌ Ligue 1 ក្រោមកិច្ចសន្យាដែលត្រូវបានគេជឿជាក់ថា មានរយៈពេល ២ឆ្នាំ ជាមួយការសម្រេចកិច្ចចរចានៅប៉ុន្មានខាងមុខនេះ។

Pogba មិនបានលេងបាល់ឡើយ គិតចាប់តាំងពីបម្រាមដកបញ្ឈរជើង ក្រោយរកឃើញមានសារធាតុញៀន នៅអំឡុងពេល Juventus ប្រកួតបើកឆាកលីក Serie A 2023-24 ទល់នឹង Udinese រងទណ្ឌកម្ម ៤ឆ្នាំ និងក្រោយមកទៀតបន្ធូរបន្ថយមកនៅត្រឹម ១៨ខែវិញ ក្រោយមានការប្តឹងជំទាស់។

កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងភាគី Pogba និង Juventus បានព្រមព្រៀងក្នុងការរំលាយកិច្ចសន្យា ដែលធ្វើឱ្យរូបគេមិនទាន់មានក្លិបលេងនៅឡើយទេ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២៥ ពោលគឺក្រោយពេលរួចបម្រាម៕