(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានសម្លឹងឃើញកីឡាករ-កីឡាការិនីវ័យក្មេង ដែលមានសមត្ថភាពអាចចូលរួមការប្រកួតកម្រិតអន្ដរជាតិបានប្រមាណ ៤ ទៅ ៥នាក់ បន្ទាប់ពីពួកគេបានបង្ហាញសមត្ថភាព និងបច្ចេកទេសដ៏ល្អក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ផ្នែកកីឡាវ៉ូវណាម រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍អគ្គលេខាធិការសហព័ន្ធលោក លី ចាន់សុភក្ដី បានឲ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាមលើកដំបូង នៅក្នុងកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៧២នាក់ មកពី ៨រាជធានី-ខេត្តចូលរួម រួមមានខេត្តកំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ប៉ៃលិន ត្បូងឃ្មុំ ស្ទឹងត្រែង កណ្ដាល និងរាជធានីភ្នំពេញ ដែលធ្វើការប្រកួតលើ ១០វិញ្ញាសា ក្នុងនោះមានវិញ្ញាសាសម្ដែង ៧ប្រភេទ និងប្រយុទ្ធ ៣ប្រភេទទម្ងន់។

ក្រោយស្ដាប់របាយការណ៍ខាងលើ លោក អ៊ូ រតនា បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមប្រតិភូកីឡាគ្រប់រាជធានី-ខេត្ត និងការខិតខំរៀបចំបានយ៉ាងល្អរបស់គណៈកម្មការ ក៏ដូចជាការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល-ចៅក្រម ដែលផ្ដល់នូវតម្លាភាព និងយុត្តិធម៌ដល់កីឡាករ-កីឡាការិនី។ នេះគឺជាលទ្ធផលដ៏គាត់ប្រសើរ ស្របពេលសហព័ន្ធបានមើលឃើញអត្តពលិកថ្នាលខ្លះ មានសមត្ថភាពអាចឈានដល់កម្រិតការប្រកួតជាលក្ខណៈអន្ដរជាតិទៀតផង។

លោកបន្ដថា «បន្ទាប់ពីការប្រកួតនេះ យើងនឹងជំរុញគ្រូបង្វឹកទាំងអស់ យកចិត្តទុកដាក់បណ្ដុះកីឡាករ-កីឡាការិនីមានសក្ដានុពលបន្ថែម ដ្បិតយើងមើលឃើញប្រហែល ៤-៥នាក់ ដែលអាចច្របាច់ចូលជាមួយរាមច្បង ក្នុងការលេងវិញ្ញាសារួម ឬឯកត្ដជន ឧទាហរណ៍ដូចវិញ្ញាសាទម្ងន់ក្រោម ៥៥គីឡូក្រាម កីឡាករ វីរៈបុត្រ គឺល្អ យើងឃើញគាត់អាចចូលរួមការប្រកួតលក្ខណៈអន្ដរជាតិបាន សម្រាប់វិញ្ញាសារប្រយុទ្ធ។ រីឯវិញ្ញាសាសម្ដែង មានកីឡាករខ្លះ និងកីឡាការិនី ២-៣នាក់ទៀត ដែលមានសក្ដានុពលល្អ»

ជារួមលោកបានអរគុណក្រសួងអប់រំ ដែលបានដាក់កីឡាវ៉ូវីណាម ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សា ហើយសង្ឃឹមថាឆ្នាំបន្ដបន្ទាប់ ក្រសួងនឹងបញ្ចូលប្រភេទកីឡាដ៏មានសក្ដានុពលនេះ ទៅក្នុងកីឡាបឋមសិក្សា ឬកីឡាឧត្តមសិក្សាបន្ថែមទៀត ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីតាមបណ្ដាក្លិប និងរាជធានី-ខេត្ត ដែលកំពុងហ្វឹកហាត់ក្រោមការខិតខំយកចិត្តទុកដាក់របស់សហព័ន្ធ បានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តពួកគេឲ្យកាន់តែខិតខំហ្វឹកហាត់ ក្រោយទំនេរពីការសិក្សា ចៀងវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ។

ចំពោះលទ្ធផលការប្រកួតកីឡាវ៉ូវីណាម នៃកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ លើកដំបូងនេះដែរ គឺរាជធានីភ្នំពេញ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៥គ្រឿង (មាស ២ និងប្រាក់ ៣) គ្រាដែលខេត្តស្វាយរៀង ឈរលេខ២ ឈ្នះមេដាយសរុប ៥គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ២), ខេត្តត្បូងឃ្មុំ ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ២ និងសំរឹទ្ធ ១), ខេត្តព្រះសីហនុ ឈរលេខ៤ ឈ្នះមេដាយសរុប ៤គ្រឿង (មាស ១ និងប្រាក់ ៣), ខេត្តកណ្ដាល ឈរលេខ៥ ឈ្នះមេដាយសរុប ៤គ្រឿង (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២) និងខេត្តប៉ៃលិន ឈរលេខ៦ ឈ្នះមេដាយសរុប ២គ្រឿង (មាស ១ និងសំរឹទ្ធ ១)៕