(ភ្នំពេញ)៖​ មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។​ មហោស្រពចាប៉ីដងវែង ធ្វើឡើងដេីម្បីថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ជាលទ្ធផល មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម​ ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ​ លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់។​ លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់។​ លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ចំណែក ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប និងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។

ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា​ មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ពិសេសសិល្បៈចាប៉ីដងវែង ដោយបញ្ជ្រាបការយល់ដឹង បណ្តុះស្មារតី ស្រឡាញ់ និងជំរុញការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

លោក ហាប់ ទូច​ បានគូសរំលេចថា​ លទ្ធផលដែលបេក្ខជនទទួលបាននាពេលនេះ ទោះបីទទួលបានជ័យលាភី ឬមិនទទួលបានក្តី គឺមានអត្ថន័យបង្ហាញពី ការខិតខំតស៊ូព្យាយាម មនសិការស្រឡាញ់ ការបន្តវេន និងការចូលរួម ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសសិល្បៈចាប៉ីដងវែង ដែលជាមរតកដូនតា ឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនថែមទៀត។ មួយវិញទៀត មហោស្រពនេះ ក៏ជាឱកាសសម្រាប់បេក្ខជនទាំងអស់ បានជួបជុំរៀនសូត្របន្ថែម ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព ជំនាញ និងគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។​ កាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។

លោក ហាប់ ទូច​ ក៏បានផ្តល់ជាមតិយោបល់ដល់សិល្បករទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីបង្កើតស្នាដៃមួយមិនត្រឹមតែល្អមើល ពីរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះត្រូវបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ មនសិការស្នេហាជាតិ និងភាពថ្លៃថ្នូរ។

ក្រៅពីនេះ​ យុវសិល្បករទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងចែករំលែកចំណេះដឹង ដល់អ្នករួម អាជីព សំដៅពង្រឹងគុណភាពស្នាដៃ និងការសម្ដែងរបស់ខ្លួនឱ្យមានភាពច្នៃប្រតិដ្ឋ​ និងនវានុវត្តន៍​ សមស្របទៅតាមចំណង់ចំណូលចិត្តរបស់មហាជន ដោយរក្សាឱ្យបាននូវក្បួនខ្នាត និងតម្លៃវប្បធម៌ ប្រពៃណីជាតិ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម និងចូលរួមលើកស្ទួយផលិតផលខ្មែរ ដែលនឹងជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរនៃផលិតផលវប្បធម៌ពីខាងក្រៅផងដែរ។

លោកក៏បានអំពាវនាវដល់សហគមន៍ អង្គការសមាគម វិស័យឯកជន និងមហាជន យុវជន បន្តគាំទ្រ និងចូលរួមសហការ ក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍សិល្បៈវប្បធម៌ឱ្យកាន់តែច្រើន ក៏ដូចជាការ ខិតខំបង្កើនផលិតផល និងសេវាកម្មវប្បធម៌ ដើម្បីចាប់យកអត្ថប្រយោជន៍ពីសក្តានុពលវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្ហាញនូវសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប កាន់តែទូលំទូលាយបន្ថែមទៀត៕