(ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់ ដែលជាចំនួនបំបែកឯកទក្ដកម្មអ្នកចូលរួមឆ្នាំចាស់ៗ គ្រាដែលមន្ដ្រីជំនាញ រំពឹងព្រឹត្តិការណ៍នេះ នឹងក្លាយជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ។

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ មុនបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ បានអញ្ជើញអត្តពលិកជាតិ-អន្តរជាតិចូលរួមទាំងអស់ លើកដៃប្រណមដើម្បីថ្វាយនូវសព្ទសាធុការពរថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩យាងចូល ៩០ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

លោកទេសរដ្ឋមន្ដ្រី បានបន្ដថា សម្រាប់ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ គណៈកម្មការរៀបចំបានទទួលអ្នកចូលរួមរត់សរុបចំនួន ៥០១០នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៤៣៥៩នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៦៥១នាក់ មកពី ៤២ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ចិន, ជប៉ុន, បារំាង, ហ្វីលីពីន និងម៉ាឡេស៊ី ។ ជាមួយគ្នា លោកក៏បានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមសហការជួយរក្សាសន្តិសុខ សុវត្ថិភាពចរាចរ ដល់អត្តពលិកជាតិ-អន្តរជាតិ ក្នុងទិវារត់ប្រណាំងនេះ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា ចំនួនអ្នកចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ គឺបានបំបែកឯកទក្ដកម្មឆ្នាំមុនៗ ដែលបង្ហាញឲ្យឃើញពីការចូលរួមកាន់តែល្អប្រសើរ និងបញ្ជាក់ពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ចំពោះសុខភាព ដែលបានពីការលេងកីឡា។ រីឯដំណើរការរៀបចំ ក៏បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យអត្តពលិកជាតិ-អន្ដរជាតិ រត់ដោយភាពកក់ក្ដៅ និងបញ្ចប់ទីជាមួយស្នាមញញឹម និងអនុស្សាវរីយ៍ល្អ ដែលជាបំនិនជីវិតមួយដ៏ល្អក្នុងការរស់នៅរបស់ខ្លួនផងដែរ។

លោកបន្ដថា «សកម្មភាពនៃការចូលរួមរត់ប្រណាំងនេះ បង្ហាញធ្វើឲ្យឃើញថា សុខភាពរបស់ប្រជាពលរដ្ឋ ទាំងផ្លូវកាយនិងផ្លូវចិត្ត គឺកាន់តែល្អប្រសើរ កាត់បន្ថយនូវសេវាចំណាយទៅលើសុខភាពសាធារណៈច្រើន ដោយផ្អែកទៅលើសន្ទុះនៃការចូលរួមនេះ។ ជាមួយគ្នា យើងក៏សូមថ្លែងអំណរគុណ គឺប្រជាពលរដ្ឋ ទាំងក្មេង ទាំងចាស់ ដែលតែងគាំទ្រចលនារត់ដើម្បីសុខភាព រត់ដើម្បីទទួលបាននូវបំនិនជីវិតល្អក្នុងការរស់នៅរបស់ខ្លួន ។ នេះគឺជាអ្វីដែលយើងខ្ញុំខិតខំប្រឹងប្រែងធ្វើ ហើយនៅតែបន្ដធ្វើឲ្យកាន់តែល្អទៀត»

ទន្ទឹមជាមួយភាពជោគជ័យខាងលើនេះដែរ មន្ដ្រីជំនាញដដែល បានបង្ហាញសុទិដ្ឋិនិយមទៀតថា «យើងខ្ញុំសង្ឃឹមថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិរបស់យើងនេះ នឹងក្លាយទៅជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ។ យើងនឹងធ្វើឲ្យព្រឹត្តិការណ៍នេះ ទៅថ្ងៃក្រោយទៀត មានអ្នករត់លើសពី ១ម៉ឺននាក់ឡើង ដូចបណ្ដាទីក្រុងធំលើពិភពលោក ដែលគេធ្វើ ដូចជាប៉ារីសម៉ារ៉ាតុង ញូយ៉ក់ម៉ារ៉ាតុង និងប្រទេសធំៗផ្សេងទៀត ដែលគេធ្វើមានអ្នកចូលរួមរាប់ម៉ឺននាក់ យើងនឹងព្យាយាមជំរុញឲ្យមានការយល់ដឹង និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាជនបរទេសផងដែរ»