(ភ្នំពេញ)៖ ការបង្កើតសហជីព ពិតជាបានជួយសម្រួលដល់និយោជក និងនិយោជិតក្នុងការប្រកបការងារ ប៉ុន្តែការបង្កើតឡើងនូវសហជីពនេះត្រូវមា នលក្ខខណ្ឌតម្រូវផ្សេងៗ ដែលមានបញ្ញត្តិនៅក្នុងច្បាប់ ។ សហជីពទាំងអស់ត្រូវតែប្រតិបត្តិនូវរាល់ការ កំណត់របស់ច្បាប់ ទើបធ្វើឱ្យការបង្កើតសហជីពនោះមានប្រសិទ្ធភាពតាមផ្លូវច្បាប់ ។ តើការបង្កើតសហជីព ច្បាប់បានកំណត់នូវលក្ខខណ្ឌអ្វីខ្លះ និងឯកសារតម្រូវពាក់ព័ន្ធដូចម្ដេចខ្លះ?
ដូច្នេះដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់អំពី “លក្ខខណ្ឌសម្រាប់ការស្នើចុះបញ្ជីសហជីព” កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ដែលសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
មុននឹងឈានដល់ការពន្យល់នូវលក្ខខណ្ឌតម្រូវសម្រាប់ការស្នើសុំចុះបញ្ជីសហជីព គប្បីយល់នូវពាក្យគន្លឹះជាមុន សិន៖
- សហជីពមូលដ្ឋាន សំដៅដល់អង្គការវិជ្ជាជីវៈដែលបង្កើតឡើងដោយកម្មករនិយោជិត ដោយការរួបរួមគ្នា និងដោយការស្ម័គ្រចិត្តនៅក្នុងមូលដ្ឋាននៃសហគ្រាស ឬគ្រឹះស្ថាននោះ ។
- សហព័ន្ធសហជីព សំដៅដល់អង្គការវិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយការរួបរួមគ្នា និងដោយស្ម័គ្រចិត្តពីសំណាក់សហជីពមូលដ្ឋាន ដែលមានវិជ្ជាជីវៈដូចគ្នា ឬប្រហាក់ប្រហែលគ្នាដែល មានសកម្មភាពសេដ្ឋកិច្ចដូចគ្នា ឬប្រហាក់ប្រហែលគ្នា ។
- សហភាពសហជីព ឬសម្ព័ន្ធសហព័ន្ធសហជីព សំដៅដល់អង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត ដែលបង្កើតឡើងដោយការរួបរួមគ្នា និងដោយស្ម័គ្រចិត្តពីសំណាក់សហព័ន្ធសហជីព ។
- ក្រុមប្រឹក្សាជាតិសហជីពដែលរួមមានគ្រប់សម្ព័ន្ធសហព័ន្ធសហជីពទាំងអស់ជាសមាជិក សំដៅដល់តំណាងឯកភាពជាតិតែមួយស្របច្បាប់នៃសហជីពទាំងមូល ។
- សហព័ន្ធនិយោជក សំដៅដល់អង្គការវិជ្ជាជីវៈដែលបង្កើតឡើងដោយការរួបរួមគ្នា និងដោយការស្ម័គ្រចិត្តពីសំណាក់សមាគមនិយោជក ។
ហេតុដូចនេះ សហជីពមូលដ្ឋាន សហព័ន្ធសហជីព សហភាពសហជីព ឬសម្ព័ន្ធសហព័ន្ធសហជីពផ្សេងៗ ត្រូវមានលក្ខខណ្ឌតម្រូវផ្សេងៗសម្រាប់ការចុះបញ្ជីដែលមានបញ្ញត្តិនៅក្នុងមាត្រា ១២ ច្បាប់ស្ដីពី សហជីព លក្ខខណ្ឌតម្រូវសម្រាប់ការស្នើសុំចុះបញ្ជី បានចែង៖ សំណើសុំចុះបញ្ជីត្រូវបានយល់ព្រមដោយការផ្តល់ជូននូវវិញ្ញាបនបត្រចុះបញ្ជី ប្រសិនបើសំណើសុំនោះបានបំពេញគ្រប់គ្រាន់ទៅនឹងបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ ។ សំណើសុំនេះត្រូវមាន៖
ក. ច្បាប់ដើមនៃលក្ខន្តិកៈរបស់សហជីព ឬសមាគមនិយោជក រាប់បញ្ចូលទាំងសេចក្ដីថ្លែងការណ៍ស្ដីពីគោលបំណងខ្លួន
ខ. ច្បាប់ដើមនៃបទបញ្ជាផ្នែករដ្ឋបាល ដែលគ្រប់គ្រងទៅលើការដឹកនាំ និងកិច្ចការរដ្ឋបាល
គ. បញ្ជីរាយនាមនៃអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហជីព ឬសមាគមនិយោជក
ឃ. អាសយដ្ឋានសម្រាប់ថែរក្សាទុកនូវសៀវភៅហិរញ្ញវត្ថុ និងកំណត់ត្រាហិរញ្ញវត្ថុ
ង. កិច្ចសន្យាធានាថានឹងផ្ដល់រាល់ព័ត៌មានគណនីធនាគាររបស់ខ្លួនក្នុងរយៈពេល ៤៥ (សែសិបប្រាំ) ថ្ងៃ គិតពីថ្ងៃទទួលបានបានចុះបញ្ជី
ច. ភ្ជាប់មកជាមួយនូវកំណត់ហេតុច្បាប់ដើមនៃការបោះឆ្នោតបង្កើតអង្គការវិជា្ជជីវៈ
ឆ. ចំពោះសហជីព៖
- សហជីពមូលដ្ឋាន ត្រូវមានបញ្ជីរាយនាមកម្មករ និយោជិតទាំងអស់ ដែលជាសមាជិកនៅក្នុងសហគ្រាស ឬគ្រឹះស្ថានមូលដ្ឋាននោះចំនួនយ៉ាងតិច ១០ (ដប់) នាក់ ។
- សហព័ទ្ធសហជីព ត្រូវមានបញ្ជីរាយនាមសមាជិករបស់ខ្លួន ដែលជាសហជីពមូលដ្ឋានដែលមានបញ្ជិការចំនួនយ៉ាងតិច ៧ (ប្រាំពីរ) ។
- សហភាពសហជីព ឬសម្ព័ន្ធសហព័ន្ធសហជីព ត្រូវមានបញ្ជីរាយនាមសមាជិករបស់ខ្លួនដែលជាសហព័ទ្ធ សហជីពដែលមានបញ្ជិការចំនួនយ៉ាងតិច ៥ (ប្រាំ) ។
ជ. ចំពោះសមាគមនិយោជក៖
- សមាគមនិយោជកមួយ ត្រូវមានប ញ្ជីរាយនាមសមាជិករបស់ខ្លួន ដែលជានិយោជកចំនួនយ៉ាងតិច ៩ (ប្រាំបួន) ។
- សហព័ទ្ធនិយោជក ត្រូវមានបញ្ជីរាយនាមសមាជិករបស់ខ្លួន ដែលជាសមាគមនិយោជកដែលមានបញ្ជិកាចំនួនយ៉ាងតិច ៦ (ប្រាំមួយ) ។
ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីបានទទួលសំណុំបែបបទពីការចុះបញ្ជី បើក្រសួងទទួលបន្ទុកវិស័យការងារមិនបានឆ្លើយតប ត្រូវចាត់ទុកថាសហជីព ឬសមាគមនិយោជកនោះបានចុះបញ្ជីរួចហើយ ។ លក្ខន្តិកៈនិងបញ្ជីរាយនាមអ្នកដឹកនាំគ្រប់គ្រងនិងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ត្រូវចម្លងជូនទៅម ន្ទីរទទួលបន្ទុកវិស័យការងាររាជធានី ខេត្តដែលសហជីព ឬសមាគមនិយោជកនោះបានបង្កើតឡើង ព្រម ទាំង ចម្លងជូនទីស្ដីការគណរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ។ ការតម្កល់ទុកលក្ខន្តិកៈ និងបញ្ជីរាយនាម អ្នកដឹកនាំគ្រប់គ្រងនិងអ្នកទទួលខុសត្រូវកិច្ចការ
រដ្ឋបាល ត្រូវធ្វើជាថ្មីនៅពេលមានការផ្លាស់ប្ដូរលក្ខនិ្តកៈ ឬផ្លាស់ ប្ដូរអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់ខ្លួន ។
ហេតុដូច្នេះ ការបង្កើតសហជីព ត្រូវរៀបចំនូវបែបបទ រច នាសម្ព័ន្ធរបស់សហជីព និងឯកសារតម្រូវផ្សេងៗដែលច្បាប់បានកំណត់ ។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ហេង មរកត ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com (http://www.ciclf.com/) ហ្វេសប៊ុកផេក៖ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Firm ៕