(បរទេស)៖ លោក Alexandr Wang ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Scale AI បានប្រកាសប្រាប់បុគ្គលិកតាមរយៈលិខិតមួយថា លោកនឹងចាកចេញពីក្រុមហ៊ុនទៅចូលរួមជាមួយ Meta បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា Meta បានជះលុយដ៏មហាសាលក្នុងការទិញយកកូនក្រុមហ៊ុន AI ថ្មីមួយនេះ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង Meta នឹងវិនិយោគទឹកប្រាក់ចំនួន ១៤,៣ ពាន់លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុន Scale AI ដោយនឹងទទួលបានភាគហ៊ុន ៤៩% នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា AI មួយនេះ។ នៅក្នុងកិច្ចព្រមព្រៀងក៏បានបញ្ជាក់ផងដែរថា បើទោះបីជា Meta បោះទុនវិនិយោគក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹក និងមានសិទ្ធិកាន់កាប់ភាគហ៊ុនរហូតដល់ ៤៩% ក្ដី ក៏ Meta គ្មានសិទ្ធិបោះឆ្នោតនៅក្នុងសេចក្ដីសម្រេចណាមួយនោះទេ។
លោក Wang បានសរសេរនៅក្នុងលិខិតដែលលោកបានចែករំលែកនៅលើបណ្ដាញសង្គម X ថា៖ «ដូចដែលអ្នកទាំងអស់គ្នាប្រហែលជាបានដឹងពីព័ត៌មានថ្មីៗនេះ ឱកាសដែលមានទំហំធំបែបនេះ តែងតែមានការលះបង់។ ក្នុងករណីនេះ ការលះបង់នោះគឺការចាកចេញរបស់ខ្ញុំ។ វាជាសេចក្តីរីករាយបំផុតក្នុងជីវិតរបស់ខ្ញុំដែលបានបម្រើការជា CEO របស់អ្នក»។
ក្រុមហ៊ុន Scale AI កំពុងតែដំឡើងតំណែងលោក Jason Droege ប្រធានផ្នែកយុទ្ធសាស្ត្រ ឲ្យឡើងមកកាន់តំណែងជានាយកប្រតិបត្តិ (CEO)។ លោក Droege ធ្លាប់ជាដៃគូវិនិយោគនៅ Benchmark និងជាអនុប្រធាននៅក្រុមហ៊ុន Uber ពីមុនមក។ លោក Wang បានបន្តថា បុគ្គលិកមួយចំនួនតូចរបស់ Scale AI ក៏នឹងចូលរួមជាមួយ Meta ផងដែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង។
អ្នកនាំពាក្យរបស់ Meta បានបញ្ជាក់ថា ៖ «ក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ យើងនឹងពង្រឹងការងារដែលយើងធ្វើជាមួយគ្នា ក្នុងការផលិតទិន្នន័យសម្រាប់ម៉ូដែល AI ហើយលោក Alexandr Wang នឹងចូលរួមជាមួយ Meta ដើម្បីធ្វើការលើកិច្ចខិតខំប្រឹងប្រែងផ្នែកបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់របស់យើង។ យើងនឹងចែករំលែកបន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែងនេះ និងបុគ្គលិកដ៏អស្ចារ្យដែលចូលរួមក្នុងក្រុមនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ»។
ការជះលុយដើម្បីទទួលបានអ្នកជំនាញរូបនេះ គឺ Meta បានធ្វើឡើងស្របទៅនឹងផែនការរបស់នាយកប្រតិបត្តិ គឺលោក Mark Zuckerberg ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែក AI របស់ក្រុមហ៊ុនលោក ក្នុងចំណោមការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីក្រុមហ៊ុន OpenAI និង Google (Alphabet)។ លោក Zuckerberg បានចាត់ទុក AI ជាអាទិភាពកំពូលរបស់ក្រុមហ៊ុនលោកសម្រាប់ឆ្នាំ ២០២៥ ប៉ុន្តែលោកមានការខកចិត្តកាន់តែខ្លាំងឡើងជាមួយក្រុមរបស់លោក ជាពិសេសនៅពេលដែលម៉ូដែល AI ដ៏សំខាន់របស់ Meta គឺ Llama ជំនាន់ចុងក្រោយនេះ ទទួលបានការឆ្លើយតបមិនសូវល្អពីអ្នកអភិវឌ្ឍន៍ នេះបើយោងតាមការរាយការណ៍របស់ CNBC កាលពីដើមសប្តាហ៍នេះ។
ទោះបីជាលោក Zuckerberg តែងតែដាក់បុគ្គលិកដែលមានបទពិសោធន៍យូរឆ្នាំ ឲ្យកាន់តំណែងខ្ពស់ក៏ដោយ ក៏លោកបានសម្រេចចិត្តថា លោក Wang ដែលជាមនុស្សក្រៅក្រុមហ៊ុន គឺស័ក្តិសមជាងក្នុងការត្រួតពិនិត្យគំនិតផ្តួចផ្តើម AI ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន។
ក្រុមហ៊ុន Scale AI មានអតិថិជនជាច្រើនដែលជាគូប្រជែងរបស់ Meta រួមមាន Google, Microsoft និង OpenAI ។ Meta គឺជាអតិថិជនដ៏ធំបំផុតមួយរបស់ Scale AI ។ អ្នកនាំពាក្យរបស់ Scale AI បានបញ្ជាក់ថា ការវិនិយោគរបស់ Meta និងការជួលលោក Wang នឹងមិនប៉ះពាល់ដល់អតិថិជនរបស់ក្រុមហ៊ុននោះទេ ហើយ Meta នឹងមិនទទួលបានព័ត៌មាន ឬទិន្នន័យអាជីវកម្មណាមួយឡើយ។
តើ Scale AI ធ្វើអ្វី?
Scale AI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយមាននាយកប្រតិបត្តិបច្ចុប្បន្នគឺលោក Alexandr Wang ។ ក្រុមហ៊ុននេះផ្តល់សេវាកម្ម Data Labeling ដល់ក្រុមហ៊ុននានាដូចជា Microsoft និង OpenAI ដើម្បីជួយក្នុងការបណ្ដុះបណ្ដាលម៉ូដែល AI របស់ពួកគេ ហើយថ្មីៗនេះ ក្រសួងការងារសហរដ្ឋអាមេរិក បានទម្លាក់ការស៊ើបអង្កេតរបស់ខ្លួនជុំវិញបញ្ហាថាតើក្រុមហ៊ុននេះបានចាត់ថ្នាក់ខុស និងបង់ប្រាក់តិចពេកដល់និយោជិតរបស់ខ្លួនដែរឬទេ។
Scale AI ត្រូវបានគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Nvidia , Amazon និង Meta ។ ក្រុមហ៊ុននេះត្រូវបានគេវាយតម្លៃចុងក្រោយ គឺមានតម្លៃជិត ១៤ ពាន់លានដុល្លារ។
យោងតាម Bloomberg ក្រុមហ៊ុន Scale AI រកចំណូលបាន ៨៧០ លានដុល្លារកាលពីឆ្នាំមុន ហើយរំពឹងថានឹងរកចំណូលបាន ២ ពាន់លានដុល្លារនៅឆ្នាំនេះ៕