(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនសម្ភារៈកីឡា Kelme ដើម្បីផ្គត់ផ្គង់ឯកសណ្ឋានផ្លូវការដល់ក្លិបរយៈពេល ២ឆ្នាំ បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា ប្រលែងឈប់ប្រើសម្ភារៈកីឡា FBT ដែលជាក្រុមហ៊ុនផលិតសម្ភារៈកីឡានៅប្រទេសថៃ ក្លិបធ្លាប់ប្រើប្រាស់ជាង ១០ឆ្នាំកន្លងមក។
Kelme គឺជាក្រុមហ៊ុនផលិតសម្ភារៈកីឡា មានប្រភពពីអេស្ប៉ាញ ដែលបានចាប់កំណើតតាំងពីឆ្នាំ១៩៦៣ ហើយបច្ចុប្បន្នបានក្លាយជាម៉ាកសម្លៀកបំពាក់កីឡាឈានមុខគេមួយលើពិភពលោក ខណៈមានក្លិបធំៗជាច្រើន កំពុងប្រើប្រាស់ ដូចជាក្លិប Watford (អង់គ្លេស), ក្លិប Espanyol (អេស្ប៉ាញ), ក្លិប Gwangju (កូរ៉េខាងត្បូង) និង ក្លិប Marcathur (អូស្ត្រាលី) ជាដើម ព្រមទាំងកីឡាផ្សេងៗទៀត លើពិភពលោក។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្លិបជើងឯកលីគកំពូលកម្ពុជា ខាងលើ បានបញ្ជាក់ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្រុមហ៊ុន Kelme ដែលជាម៉ាកសម្លៀកបំពាក់កីឡាឈានមុខគេលំដាប់ពិភពលោក គឺជាអ្នកឧបត្ថម្ភផ្លូវការរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នារយៈពេលពីរឆ្នាំ។ កិច្ចសហការនេះគឺជាជំហានមួយដ៏សំខាន់ ដែលយើងចូលរួមជាមួយម៉ាកយីហោអន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ការច្នៃប្រឌិត គុណភាព និងចំណង់ចំណូលចិត្តសម្រាប់កីឡាបាល់ទាត់»។
ទន្ទឹមជាមួយការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុនអន្ដរជាតិនេះដែរ ក្លិបនៅមិនទាន់បង្ហាញឯកសណ្ឋានផ្លូវការសម្រាប់ត្រៀមរដូវកាលថ្មីនោះទេ តែក្លិបបានបញ្ជាក់ថា នឹងធ្វើការបង្ហាញនាពេលឆាប់ៗខាងមុខ៕