(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា រកបានចំណូលជាង ៦០០លានដុល្លារ ពីការវិនិយោគនិងអាជីវកម្មជាច្រើន ក្នុងនោះមាន រូបិយប័ណ្ណឌីជីថល (crypto) កីឡាហ្គុលហ្វ និង ការចែកចាយកម្មសិទ្ធប្រើប្រាស់ឈ្មោះអាជីវកម្ម។ អាជីវកម្មទាំងនេះបង្ហាញពីការបន្តរកចំណូលយ៉ាងសកម្មរបស់លោក ត្រាំ ទោះបីជាកាលនោះលោកកំពុងដំណើរការនយោបាយសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
បើនិយាយពីរូបិយប័ណ្ណឌីជីថល និង NFT, លោក ត្រាំ បានចូលរួមក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ដោយប្រកាសបង្កើត NFT ដោយផ្ទាល់ខ្លួន។ មានសេចក្តីរាយការណ៍ថា គម្រោងទាំងនេះនាំឱ្យមានចំណូលរាប់លានដុល្លារ។ ទីលានហ្គោលរបស់លោកត្រាំ នៅសហរដ្ឋអាមេរិក ស្កុតឡែន អៀរឡង់ និងបណ្តាប្រទេសផ្សេងៗទៀត ត្រូវបានគេចាត់ទុកថាជាប្រភពចំណូលធំមួយ ដោយទាក់ទាញភ្ញៀវកម្សាន្ត និងសមាជិកខ្ពស់ៗជាច្រើន។ ដោយឡែកសម្រាប់ការលក់កិច្ចសន្យាប្រើឈ្មោះ (Licensing) លោក ត្រាំ ក៏រកចំណូលតាមរយៈការប្រើឈ្មោះ «Trump» ក្នុងអចលនទ្រព្យ ផលិតផល និងកម្មវិធីទូរទស្សន៍ ដែលនាំឲ្យមានប្រាក់ចំណូលពីកិច្ចពាណិជ្ជកម្មទាំងក្នុង និងក្រៅសហរដ្ឋអាមេរិក។
គួរជម្រាបថា ការរាយការណ៍ពីចំណូលទាំងនេះកើតឡើង ខណៈដែលលោកត្រាំកំពុងដឹកនាំរដ្ឋាភិបាល ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត។ ជាមួយនឹងនោះ លោកក៏ត្រូវប្រឈមមុខនឹងបញ្ហាច្បាប់ជាច្រើនផងដែរ។ អ្នកវិភាគមួយចំនួនបានឲ្យដឹងថា ការកាន់កាប់អាជីវកម្មជាច្រើន អាចបង្កហានិភ័យនៃការប្រឈមផ្នែកសតិអារម្មណ៍ផ្ទាល់ក្នុងតួនាទីប្រធានាធិបតី ប៉ុន្តែអ្នកគាំទ្រមើលឃើញថាវាជាភស្តុតាងនៃសមត្ថភាពក្នុងការដឹកនាំអាជីវកម្មរបស់លោក៕