(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិមិចស៊ិក ម្ចាស់ការពារតំណែងជើងឯក Gold Cup បន្តយកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកពាន ២ឆ្នាំម្តងនេះ តាមរយៈយកឈ្នះគូប្រជែងសាធារណរដ្ឋ Dominican ៣-២ កាលពីរាត្រីថ្ងៃសៅរ៍ នៅចំពោះមុខភាពតានតឹងក្នុងទីក្រុង Los Angeles ជុំវិញច្បាប់អន្តោរប្រវេសន៍របស់ប្រធានាធិបតី Donald Trump។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្នុងប្រកួតបើកឆាកចេញពីពូល A ខ្សែបម្រើ Edson Alvarez ដែលត្រូវបានជ្រើសរើសចេញពីក្លិបអង់គ្លេស West Ham ជាអ្នកតែតគ្រាប់បែកពងមាន់នៅចុងបញ្ចប់វគ្គទី១ មុនពេលខ្សែប្រយុទ្ធ Fulham គឺ Raul Jimenez ធ្វើបានសម្រេចគ្រាប់ទី២ ត្រឹមចាប់ផ្តើមលេងវគ្គទី២ បានតែ ២នាទីប៉ុណ្ណោះ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៥៤,៣០៩នាក់ នៅក្នុងកីឡដ្ឋាន SoFi ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកគាំទ្ររបស់មិចស៊ិក។
បច្ចុប្បន្ន Jimenez រកបាន ៤០គ្រាប់ហើយសម្រាប់មិចស៊ិក ឈរនៅលេខរៀងទី៣ ក្នុងនាមអ្នករកបានច្រើនគ្រាប់របស់ជម្រើសជាតិ។
២ប្រកួតបន្ទាប់របស់ពួកគេ ដើម្បីបញ្ចប់ពូល A ត្រូវលេងនៅក្នុងទីក្រុង Texas និង Las Vegas ស្ថិតក្នុងរដ្ឋ Nevada ក្រៅពីតំបន់ដែលកំពុងផ្ទុះបាតុកម្មហឹង្សាមានរយៈពេលជាង ១សប្តាហ៍មកហើយ៕