(ភ្នំពេញ)៖ ធនាគារ ABA បានបញ្ជាក់ជាថ្មីចំពោះការខិតខំប្រឹងប្រែងគាំទ្រ ទៅលើការងារមនុស្សធម៌ ជាមួយការរួមចំណែកជាថវិការចំនួន ១០០,០០០ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (សមាគម TYDA) បញ្ជាក់ការរួមគ្នាក្នុងការដោះស្រាយបញ្ហា ថែទាំសុខភាពសំខាន់ៗទៅតាមតម្រូវការ។
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងឆ្នាំ២០២៣ ដោយគូសបញ្ជាក់អំពីជំនួយថវិការសរុបចំនួន ៣០០,០០០ដុល្លារអាមេរិក នេះជាលើកទី៣ នៃការឧបត្ថម្តជូនដល់សមាគម TYDA។
ក្រោមភាពជាដៃគូសហការ ការគាំទ្រនេះបានអនុញ្ញាតឲ្យសមាគម TYDA បន្តផ្តល់ និងពង្រីកយុទ្ធនាការពិនិត្យសុខភាពដោយឥតគិតថ្លៃ ទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៥ ជំនួបផ្លូវការបានចូលរួមជាអធិបតីរបស់ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគម TYDA និង លោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារ ABA ព្រមទាំងអ្នកតំណាងភាគីទាំងសងខាង។
លោក Askhat Azhikhanov មានប្រសាសន៍ថា «ពីមួយឆ្នាំទៅមួយឆ្នាំ យើងខ្ញុំមានសេចក្តីសោមន្សក្នុងការបន្តការគាំទ្រដល់សមាគម TYDA និងរួមចំណែកដល់ការងារមនុស្សធម៌ដ៏សំខាន់។ លទ្ធផលវិជ្ជមានដែលបានកើតចេញពីយុទ្ធនាការនេះ ជាពិសេសចំពោះអ្នកជំងឺដែលមានតម្រូវការ និងការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិកធនាគារ ក្នុងយុទ្ធនាការរបស់ TYDA ពិតជាអ្វីដែលគួរឲ្យកោតសរសើរ»។
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំក្រោយនេះ បុគ្គលិកធនាគារ ABA តែងតែចូលរួមយ៉ាងសកម្មក្នុងកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺ រៀបចំដោយសមាគម TYDA តាមបណ្តាខេត្តនានា។
លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ក៏មានប្រសាសន៍ថា «យើងខ្ញុំសូមអរគុណយ៉ាងជ្រៀលជ្រៅដល់ធនាគារ ABA សម្រាប់ការគាំទ្រជាបន្តបន្ទាប់ មិនថាតាមរយៈការបរិច្ចាគថវិកា ឬការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិក ក្នុងយុទ្ធនាការរបស់យើងខ្ញុំទូទាំងប្រទេសនោះទេ។ កិច្ចសហការនេះ ឆ្លុះបញ្ចាំងអំពីចក្ខុវិស័យរួម លើភាពធន់និងសុខុមាលភាពសហគមន៍ក្នុងប្រទេសកម្ពុជា»។
ក្រោមភាពជាដៃគូដ៏យូរអង្វែង ធនាគារ ABA មានមោទនភាពដែលបានឈរជើង ជាមួយបេសកកម្មមនុស្សធម៌របស់សមាគម TYDA ដើម្បីផ្តល់ជូនការពិនិត្យសុខភាពសំខាន់ៗ ដោយឥតគិតថ្លៃ ដល់សហគមន៍ខ្វះខាតក្នុងប្រទេសកម្ពុជា៕