(ភ្នំពេញ)៖ ក្រុមកីឡាហាប់គីដូកម្ពុជា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ីហើយ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយដណ្ដើមបានមេដាយសរុប ២៣គ្រឿង (មាស ៤ ប្រាក់ ៧ និងសំរឹទ្ធ ១២) ។

បើយោងតាមលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាប្រធានប្រតិភូដឹកនាំ បានឲ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់តំបន់នេះមានអត្តពលិកប្រមាណជាង ៣០០នាក់ មកពី ៨ប្រទេសចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ១១រូបផងដែរ ហើយជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួត ២ថ្ងៃ កាលពីថ្ងៃទី១៤-១៥ ខែមិថុនាកន្លងទៅ រួមមាន៖

មេដាយមាស ៣គ្រឿង ដណ្ដើមបានដោយ៖ ១-កីឡាករ សុខុន សីហនុត លើវិញ្ញាសាប្រយុទ្ធ, ២-កីឡាការិនី គង់ ម៉ូណាដាយអាណា លើវិញ្ញាសាលោតចម្ងាយ, ៣-កីឡាការិនី គង់ម៉ូណា ជេសស៊ីកា លើវិញ្ញាសាលោតចម្ងាយ និង ៤-កីឡាករ ភិន មុនីរតន៍ លើវិញ្ញាសាលោតចម្ងាយ។

មេដាយប្រាក់ ៧គ្រឿង ដណ្ដើមបានដោយ៖ ១-កីឡាករ ធៀង សុចិត្រា លើវិញ្ញាសាប្រយុទ្ឋ, ២-កីឡាករ ភិន មុនីរតន៍ លើវិញ្ញាសាប្រយុទ្ឋ, ៣-កីឡាករ គីម រតន៍មុនី លើវិញ្ញាសាកក្តាអត់អាវុធ, ៤-កីឡាករ គង់ម៉ូណា មិថុរ៉ា លើវិញ្ញាសាលោតចម្ងាយ និងវិញ្ញាសាដួល(២គ្រឿង), ៥-កីឡាការិនី គង់ម៉ូណា ជេសស៊ីកា លើវិញ្គាសាលោតកម្ពស់ និង ៦-កីឡាករ វិន លីហៀង លើវិញ្ញាសាប្រយុទ្ធ។

មេដាយសំរឹទ្ធ ១២គ្រឿង ដណ្ដើមបានដោយ៖ ១-កីឡាការិនី ឡាយ គីមហ័រ លើវិញ្ញាសាកក្តាមានអាវុធ និងអត់អាវុធ, ២-កីឡាការិនី ណុប ស្រីពេជ្រ លើវិញ្ញាសាប្រយុទ្ធ, ៣-កីឡាការិនី គង់ម៉ូណា ជេសស៊ីកា លើវិញ្ញាសាកាច់ ២នាក់, ៤-កីឡាករ ធៀង សុចិត្រា លើវិញ្ញាសាកត្តាមានអវុធ, ៥-កីឡាករ នួន សុធាឬទ្ធិ លើវិញ្ញាសាកត្តាមានអវុធ និង វិញ្ញាសាកាច់ ២នាក់, ៦-កីឡាករ សុខុន សីហនុត លើវិញ្ញាសាលោតចម្ងាយ, ៧-កីឡាការិនី ឡាយ គីមហ័រ លើវិញ្ញាសាលោតកម្ពស់, ៨-កីឡាការិនី ណុប ស្រីពេជ្រ លើវិញ្ញាសាលោតចម្ងាយ, ៩-កីឡាករ សុខុន សីហនុត និង កីឡាការិនី គង់ ម៉ូណាដាយអាណា លើវិញ្ញាសារកាច់ និង ១០-កីឡាករ វិន លីហៀង និង កីឡាការិនី ណុប ស្រីពេជ្រ លើវិញ្ញាសារកាច់។

គួរដឹងថា ក្រោយបញ្ចប់បេសកកម្មចូលរួមការប្រកួតលក្ខណៈអន្ដរជាតិលើកទី២ ក្នុងប្រវត្តិកកើតសហព័ន្ធខ្មែរកីឡាហាប់គីដូ ប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា នឹងត្រឡប់មកមាតុភូមិវិញ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ៕